(ភ្នំពេញ)៖ ការប្រកួតបាល់ទះដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង រដូវកាលលើកទី៣ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ស្របពេលក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីវាយបកឈ្នះក្រុមក្រសួងមហាផ្ទៃ ដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយលទ្ធផល ៣-២(សិត) ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីរាត្រីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ ។

ជំនួបដ៏កក្រើកដែលមានអ្នកទស្សនាផ្ទាល់ពេញសាលវិមានពហុកីឡដ្ឋានជាតិ ក្រោមវត្តមានលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជានេះ ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញនេះ ក្រុមក្រសួងមហាផ្ទៃ បានបើការនាំមុខជាមួយជ័យជម្នះ ២សិតមុន ក្នុងលំដាប់ពិន្ទុ ២៥-២៣ និង ២៥-១៥ ។ បន្ទាប់មក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបង្កើតឱកាសបង្កការភ្ញាក់ផ្អើលជាខ្លាំង នៅការវាយបកឈ្នះ ៣សិតជាប់ៗគ្នាវិញ ក្នុងលទ្ធផលពិន្ទុ ២៥-២០, ២៦-២៤ និង ១៨-១៦ ដើម្បីគ្រងតំណែងជើងឯកតែម្ដង ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួតខាងលើ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងអគ្គលេខាធិការសហព័ន្ធ បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ចំពោះភាពជោគជ័យនៃការធ្វើកំណែទម្រង់ក្នុងការប្រកួតពានរង្វាន់ សម្ដេចក្រឡាហោម ស ខេង ក្នុងឆ្នាំនេះ ដ្បិតក្រុមចូលរួមទាំង ៣១ក្រុម សុទ្ធតែជាក្លិបធំៗ ហើយមានគុណផលនៃការប្រកួតប្រជែងខ្ពស់ ទោះបីឈ្នះ ឬចាញ់ តែបញ្ចប់ក្នុងលទ្ធផលមួយដ៏គាប់ប្រសើរ ដែលជំរុញឲ្យថ្នាក់ដឹកនាំក្លិបនីមួយៗ កាន់តែពុះកញ្ជ្រោល និងមានទឹកចិត្តក្នុងការរៀបចំក្រុមត្រៀមការប្រកួតនៅឆ្នាំក្រោយៗទៀត ។

មួយវិញទៀត សម្រាប់សន្ទុះនៃអ្នកគាំទ្ររបស់ប្រជាពលរដ្ឋ ពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទះកម្ពុជា តាំងពីវគ្គ ១៦ក្រុមចុងក្រោយ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ពិសេសការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលមានអ្នកទស្សនាពេញវិមានពហុកីឡដ្ឋានជាតិ បើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម មិនចាញ់គ្នាឡើយ ។ នេះសបញ្ជាក់ឲ្យឃើញថា សន្ទុះការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាពលរដ្ឋ និងជាមោទនភាពមួយថ្មីមួយទៀត ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាបាល់ទះកម្ពុជា ឲ្យកាន់តែផុសផុល និងរីកចម្រើនបន្ថែមទៀតផងដែរ ។

លើសពីនេះ មន្ដ្រីជំនាញដដែលបន្ថែមថា ការធ្វើកំណែទម្រង់នូវលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងការប្រើប្រាស់កីឡាករមានគុណផលខ្ពស់ ២នាក់ និងបរទេសម្នាក់ លើទីលាន រួមជាមួយកីឡាករថ្មីៗ និងយុវជន បានជំរុញឲ្យការប្រកួតប្រជែងកាន់តែល្អប្រសើរ ពិសេសឱកាសបង្ហាញ និងដុសខាតសមត្ថភាព បច្ចេកទេស របស់កីឡាករយុវជន ដើម្បីអាចមានលទ្ធភាពប្រជែងកៅអីជម្រើសជាតិជាមួយរាមច្បង ស្របពេលសហព័ន្ធនៅតែបើកភ្លើងខៀវជានិច្ច ចំពោះអត្តពលិកមានសមត្ថភាពពិតប្រាកដ ដើម្បីជួយជម្រើសជាតិ ។

សម្រាប់សរុបលទ្ធផល ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ២សប្ដាហ៍កន្លងមកនេះ នៃការប្រជែងពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ គឺមានបេក្ខភាពចូលរួម ៣១ក្រុម ខណៈក្រុមជើងឯក គឺបានទៅក្រុមស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទទួលបានមេដាយមាស និងពាន ១គ្រឿង អមទឹកប្រាក់រង្វាន់ ៥០លានរៀល ។

ខណៈក្រុមជើងឯករង ក្រសួងមហាផ្ទៃ ទទួលបានមេដាយប្រាក់ អមទឹកប្រាក់រង្វាន់ ២០លានរៀល និងលេខ៣ បានទៅក្រុមបញ្ជាការដ្ឋានអង្គរក្ស (A) ទទួលបានមេដាយសំរឹទ្ធ អមទឹកប្រាក់រង្វាន់ ១២លានរៀល ក្រោយយកឈ្នះក្លិបបាល់ទះខេត្តតាកែវ ៣-១ សិត ។ ក្រៅពីនេះ ក៏ការប្រគលមានពានរង្វាន់ឯកត្តជនជាច្រើនផងដែរ ៕