(ភ្នំពេញ)៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានសម្រេចផ្ដល់សិទ្ធឲ្យប្រទេសបារ៉ែន ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games-AYG) លើកទី៣ ឆ្នាំ២០២៥ ជំនួសប្រទេសអ៊ូសបេគីស្ថាន ដែលបោះបង់សិទ្ធធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ ។ នេះបើយោងតាមការផ្សព្វផ្សាយរបស់ OCA កាលពីពេលថ្មីៗនេះ ។
ប្រភពខាងលើ បានគូសបញ្ជាក់ថា ក្រោយទទួលសំណើរគណៈកម្មាធិការជាតិអូឡាំពិកអ៊ូសបេគីស្ថាន ជុំវិញការបោះបង់សិទ្ធធ្វើម្ចាស់ផ្ទះ និងស្វែងរកប្រទេសជំនួសនេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី OCA បានបើកកិច្ចប្រជុំ និងសម្រេចផ្ដល់សិទ្ធដល់ប្រទេសបារ៉ែន ដើម្បីទទួលរៀបចំធ្វើម្ចាស់ផ្ទះជំនួស សម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានការជូនដំណឹងត្រឹមរយៈពេលខ្លី កាលពីចន្លោះខែតុលា និងខែវិច្ឆិកាកន្លងទៅ ។
ទន្ទឹមជាមួយការផ្លាស់ប្ដូរទីតាំងរៀបចំព្រឹត្តិការណ៍ AYG 2025 ពីទីក្រុង Tashkent ទៅកាន់តំបន់អាស៊ីខាងលិចនេះដែរ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានការគាំទ្រ ចំពោះការសម្រេចរបស់ OCA និងអបអរសាទរការទទួលធ្វើម្ចាស់ផ្ទះរបស់ប៉ារ៉ែន ខណៈកម្ពុជា បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមការប្រកួត ជាពិសេសគឺការត្រៀមទទួលទង់ផ្ទេរសិទ្ធធ្វើម្ចាស់ផ្ទះមកកាន់រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ តែម្ដង ។
យ៉ាងណាមិញក្រោយការផ្លាស់ប្ដូរទីតាំងប្រកួតខាងលើ OCA មិនទាន់កំណត់កម្មវិធីប្រកួត និងប្រភេទកីឡា ក៏ដូចជាកាលបរិច្ឆេទ នៃការប្រកួតសម្រាប់ព្រឹត្តិការណ៍ Asian Youth Games 2025 នៅឡើយទេ ដោយព័ត៌មានលម្អិតពាក់ព័ន្ធនឹងការប្រកួត ម្ចាស់ផ្ទះបារ៉ែន នឹងធ្វើការជូនដំណឹងនាពេលឆាប់ៗ ខាងមុខ ៕