(ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេ-ដូ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២០គ្រឿង ក្នុងការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេកម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នេះ មានសាលាគុន សមាគម/ក្លិបចំនួន ២៨ ចូលរួម ដែលមានប្រតិភូ មន្ដ្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៣៥២នាក់ចូលរួម ខណៈក្រោយចប់ការប្រកួត មន្ដ្រីបច្ចេកទេសហព័ន្ធ បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនផ្នែកបច្ចេកទេសរបស់កីឡាករ-កីឡាការិនីម្នាក់ ទាំងលើវិញ្ញាសាសម្ដែង និងប្រយុទ្ធ បើធៀបនឹងឆ្នាំមុន ។

ចំពោះលទ្ធផលបច្ចេកទេសវិញ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ សរុបចំនួន ២០គ្រឿង (មាស ៨ ប្រាក់ ១០ និងសំរឹទ្ធ ២) គ្រាដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ២៤គ្រឿង (មាស ៧ ប្រាក់ ៤ និងសំរឹទ្ធ ១៤) ។ ក្លិបការ៉ាតេ-ដូ ហនុមាន (ខេត្តកណ្ដាល) ឈរលេខ៣ ឈ្នះមេដាយសរុប ១៩គ្រឿង (មាស ៥ ប្រាក់ ៤ និងសំរឹទ្ធ ១០) ។ ក្លិបការ៉ាតេ-ដូ រស្មីព្រះអាទិត្យ ឈរលេខ៤ ឈ្នះមេដាយសរុប ១៦គ្រឿង (មាស ៥ ប្រាក់ ៣ និងសំរឹទ្ធ ៨) និងក្រសួងមហាផ្ទៃ ឈរលេខ៥ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៤ ប្រាក់ ៤ និងសំរឹទ្ធ ២) ។ រីឯក្លិបជាច្រើនទៀត ក៏ដណ្ដើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធផងដែរ ។

ថ្លែងក្រោយចប់ការប្រកួតលោក សាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងផុសផុលរបស់សមាគម/ក្លិប និងសាលាគុននានា ។ លើសពីនេះ លោកបានជំរុញដល់អត្តពលិកទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីអភិវឌ្ឍសមត្ថភាព និងបច្ចេកទេសឲ្យកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានា ដូចជាការត្រៀមប្រកួតជើងឯកអាស៊ាន ឆ្នាំ២០២៥ នៅប្រ៊ុយណេ និងស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាការកសាងនូវធនធានបន្ដវេនត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ៕