(ភ្នំពេញ)៖ កីឡាករប្រដាល់ កែវ រំចង់ បានប្តេជ្ញាចិត្តរកគ្រាប់បាល់ឲ្យបាន ក្នុងការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» និងផ្តាំក្រុមតារាកម្ពុជា ឲ្យត្រៀមខ្លួនផងដែរ។

កីឡាករប្រដាល់ កែវ រំចង់ ថ្លែងបែបនេះ នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោយសន្និសីទសារព័ត៌មាន ស្តីពីកម្មវិធីការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

កីឡាករប្រដាល់ កែវ រំចង់ បានថ្លែងក្នុងន័យកំប្លែងថា «សូមកីឡាករតារាកម្ពុជា ឈុត B ត្រៀមខ្លួន ត្រៀមក្បាលពោះ ត្រៀមថ្គាម ឲ្យហើយ … ស្រួលមិនស្រួល ខ្ញុំលេងគុនខ្មែរហើយ»។

សូមជម្រាបថា ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញ សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានមរតកតេជោ ដោយមានការប្រកួតចំនួន ២គូ។ គូទី១ ក្រុមបាល់ទាត់គុនខ្មែរ ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក. ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោងអ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧៖០០នាទី។

ការរៀបចំឡើងនូវព្រឹត្តិការណ៍បាល់ទាត់នេះ គឺដើម្បីអបអរសាទរខួប ២៦ឆ្នាំ ទិវាសន្តិភាពនៅកម្ពុជា អមដោយភាពគគ្រឹកគ្រេងជាមួយការប្រគំតន្ត្រី បុរាណ សម័យ ផងដែរ។

គួរបញ្ជាក់ដែរថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់យកថ្ងៃទី២៩ ខែធ្នូ គឺជា «ទិវាសន្តិភាពនៅកម្ពុជា»។

អស់រយៈពេលកន្លងមក កម្ពុជាជាប្រទេសរងនូវសោនាដកម្មយ៉ាងខ្លោចផ្សារជាទីបំផុត ដោយសារតែភ្លើងសង្គ្រាមសង្គ្រាម ប៉ុន្តែក្រោមនយោបាយឈ្នះ-ឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទ្ទេសក៍ឯក បានធ្វើឲ្យកម្ពុជាបិទបញ្ចប់ភ្លើងសង្គ្រាម រកឃើញសុខសន្តិភាព ជាពិសេសបានបិទបញ្ចប់ទំព័រខ្មៅងងឹតនៃការបែកបាក់ជាតិ ក្នុងរយៈពេលតិចបំផុត ៥០០ឆ្នាំ។ ផ្តើមពីសុខសន្តិភាព និងការឯកភាពជាតិទាំងស្រុង នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាបុព្វហេតុដ៏ធំធេង នាំឲ្យកម្ពុជាសម្រេចបាននូវការកសាងជាតិឲ្យរីកចម្រើន ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុភមង្គល ដូចពេលបច្ចុប្បន្ននេះ៕