(បរទេស)៖ ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៥ខាងមុខនេះ ព្រឹត្តិការណ៍តារាសាស្ត្រដ៏គួរឱ្យកត់សម្គាល់មួយនឹងកើតឡើង ដែលមនុស្សជាតិនឹងចងចាំ ខណៈដែលភពសំខាន់ៗទាំងប្រាំពីរនៃប្រព័ន្ធព្រះអាទិត្យ ដែលមាន ភពពុធ ភពសុក្រ ភពព្រះអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ អ៊ុយរ៉ានុស និងភពណិបទូន ​នឹងបង្ហាញខ្លួនក្នុងរចនាសម្ព័ន្ធតម្រឹមគ្នាជាជួរ ព្រមទាំងអាចមើលឃើញនៅលើផ្ទៃមេឃទៀតផង។

ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃបាតុភូតកាន់តែទូលំទូលាយដែលគេស្គាល់ថាជាក្បួនដង្ហែរបស់ភព ដែលនឹងអាចសង្កេតបានចាប់ពីថ្ងៃទី ២១ ខែមករា និងមានរយៈពេលរហូតដល់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥។

ទិដ្ឋភាពទូទៅនៃព្រឹត្តិការណ៍៖

- ភាពមើលឃើញ៖ ការតម្រឹមនឹងអាចមើលឃើញភ្លាមៗបន្ទាប់ពីថ្ងៃលិច។ ភពដែលភ្លឺបំផុតគឺ ភពសុក្រ និង ភពព្រហស្បតិ៍ នឹងលេចធ្លោនៅលើមេឃពេលព្រលប់ ខណៈដែលភពអង្គារ នឹងបន្ថែមពន្លឺពណ៌ក្រហមប្លែក។ ភពពុធ និងភពសៅរ៍ ក៏នឹងអាចមើលឃើញដោយភ្នែកទទេដែរ ប៉ុន្តែដើម្បីមើលឃើញភពអ៊ុយរ៉ានុស និងភពណិបទូន គឺតម្រូវឱ្យមានកែវយឺត ទើបអាចមើលឃើញ ដោយសារតែវាមានពន្លឺខ្សោយ។
- ពេលវេលាល្អបំផុត៖ ពេលវេលាដ៏ល្អបំផុតសម្រាប់ការសង្កេតមើលគឺស្ថិតក្នុងអំឡុងសប្តាហ៍នៃថ្ងៃទី ២៩ ខែមករា ស្របពេលជាមួយនឹងព្រះចន្ទថ្មី ដែលផ្ដល់នូវភាពងាយស្រួលក្នុងការមើល។ ដើម្បីទស្សនាព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះ អ្នកគួរតែសម្លឹងឆ្ពោះទៅជើងមេឃខាងត្បូង ហើយស្កែនពីខាងកើតទៅខាងលិច ដើម្បីមើលភពដែលតម្រង់ជួរនៅលើមេឃ។

ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពកម្ររបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់ឱកាស និងភាពងាយស្រួលចំពោះ​តារាវិទូ និងអ្នកមើលផ្កាយធម្មតាផងដែរ។ មិនដូចព្រឹត្តិការណ៍សេឡេស្ទាលជាច្រើនដែលតម្រូវឱ្យមានឧបករណ៍ឯកទេស ឬលក្ខខណ្ឌ​ផ្សេងៗឡើយ ពោលគឺព្រឹត្តិការណ៍នេះគឺអាចមើលទិដ្ឋភាពដ៏អស្ចារ្យដោយភ្នែកទទេ។

កាលពីក្នុងខែសីហា ឆ្នាំ២០២៤ ក៏កើតមានព្រឹត្តិការណ៍ស្រដៀងគ្នានេះផងដែរ ប៉ុន្តែវាមិនមែនជាព្រឹត្តិការណ៍តារាសាស្ត្រមួយដែលអាច​កើតមាន​ឡើងជាញឹកញ៉ាប់នោះទេ ដោយសាររយៈពេលគោចរខុសគ្នា៕