(ឡុងដ៍)៖ លោក David Coote អតីតមន្រ្តីអាជ្ញាកណ្តាលលេចធ្លោមួយរូបនៅ Premier League នឹងមិនប្តឹងជំទាស់ទៅនឹងស្ថាប័នគ្រប់គ្រងអាជ្ញាកណ្តាល PGMOL ចំពោះការដកលោកចេញពីក្របខណ្ឌកំពូលអង់គ្លេសនេះឡើយ។
មែនទែនទៅបុរសវ័យ ៤២ឆ្នាំ Coote នៅមានសិទ្ធិប្តឹងជំទាស់ ក៏ប៉ុន្តែប្រភពជិតស្និទ្ធបានប្រាប់ BBC Sport ថា លោកនឹងមិនធ្វើបែបនេះទេ។
លោក Coote ដែលបានចូលបម្រើការងារ ក្នុងនាមជាអាជ្ញាកណ្តាលមួយរូបនៅ Premier League តាំងពីឆ្នាំ២០១៨ និងត្រូវលុបឈ្មោះចេញពីក្របខណ្ឌបាល់ទាត់ដ៏មានប្រជាប្រិយភាពនេះវិញកាលពីដើមខែធ្នូ ឆ្នាំ២០២៤ និងកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែមទៀតដែរ ពីការ Live រិះគន់ក្លិបអាជីព Liverpool និងអតីតគ្រូបង្វឹក លោក Jurgen Klopp នាពេលថ្មីៗនេះ។
បច្ចុប្បន្ន Coote កំពុងស្ថិតក្រោមការស៊ើបអង្កេតបន្តពី FA និង UEFA ផងដែរ គ្រាដែល PGMOL បានចាត់ទុកថា សកម្មភាពរបស់លោក Coote គឺជាទង្វើមិនអាចទទួលយកបានឡើយ៕