(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Honda, Nissan និង Mitsubishi កំពុងសហការគ្នាជាផ្លូវការក្រោមក្រុមហ៊ុនកាន់កាប់តែមួយដើម្បីដោះស្រាយការប្រកួតប្រជែងជាសកល។ ភាពជាដៃគូនេះ ត្រូវបានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដោយក្រុមហ៊ុន Honda និង Nissan ដោយបានដាក់ទីតាំងជើងខ្លាំងទាំងបីឱ្យក្លាយជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបីរបស់ពិភពលោក បន្ទាប់ពី Toyota និង Volkswagen។
ការរួមបញ្ចូលគ្នានេះ ត្រូវបានគេឱ្យដឹងថាគ្រោងនឹងបញ្ចប់កិច្ចព្រមព្រៀងនៅខែសីហា ឆ្នាំ២០២៦ ខាងមុខ រវាងភាពជាដៃគូនៃកិច្ចសហប្រតិបត្តិការ Honda និង Nissan រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅក្នុងបច្ចេកវិទ្យាគ្មានការបំភាយឧស្ម័ន និងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ។ តែយ៉ាងណាឥទ្ធិពលនៃភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Mitsubishi នៅមិនទាន់ច្បាស់នៅឡើយនោះទេ ខណៈលោក Toshihiro Mibe ជា CEO របស់ Honda បានសង្កត់ធ្ងន់ថា ការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន Nissan លោក Makoto Uchida បានបង្ហាញពីទំនុកចិត្តលើសក្តានុពលរវាងសម្ព័ន្ធទាំងបីក្នុងការចែកចាយផលិតផលប្រកបដោយភាពច្នៃប្រឌិត។ លោកបានសង្កត់ធ្ងន់ថា តើការរួមបញ្ចូលនេះគ្រប់គ្រាន់ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុនកំពុងលេចធ្លោក្នុងវិស័យរថយន្តអគ្គិសនីដូចជា Tesla និង BYD ដែរទេ។ ដូច្នេះសាកស្រម៉ៃមើល ប្រសិនបើក្រុមហ៊ុនទាំងបីនេះ ពិតជាសហការរួមគ្នាពិតមែនតើនឹងអ្វីកើតឡើង និងមានភាពអស្ចារ្យប៉ុណ្ណា?