(ភ្នំពេញ)៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយ ក្នុងការដាក់ឱ្យដំណើរការសេវាបង់ភាគទានមក ប.ស.ស. សម្រាប់សហគ្រាស និងគ្រឹះស្ថាននានា តាមរយៈខេប៊ីប្រាសាក់ម៉ូបាល (KB PRASAC Mobile) និង ខេប៊ីប្រាសាក់ខបភើរេត (KB PRASAC Corporate) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ។ គ្រប់សហគ្រាស និងគ្រឹះស្ថានអាចបង់ភាគទាន ប.ស.ស. សម្រាប់បុគ្គលិក និយោជិត និងកម្មកររបស់ខ្លួន បានយ៉ាងងាយស្រួល។

ជាមួយនឹងមុខងារថ្មីនេះ អតិថិជនដែលជាសហគ្រាស និងគ្រឹះស្ថាន អាចប្រើប្រាស់សេវាប្រកបដោយភាពច្នៃប្រឌិតនេះ ដើម្បីសម្រួលដំណើរការទូទាត់ បង្កើនប្រសិទ្ធភាព និងសុវត្ថិភាពសាច់ប្រាក់សម្រាប់ធុរកិច្ចរបស់ខ្លួនផងដែរ។ តាមរយៈមធ្យោបាយឌីជីថលរបស់ធនាគារខេប៊ីប្រាសាក់នេះ កម្រៃសេវាក្នុងការបង់ភាគទានមក ប.ស.ស. របស់សហគ្រាស និងគ្រឹះស្ថានត្រូវបានលើកលែង។

ការផ្តល់ជូននូវសេវានេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងជាបន្តរបស់ធនាគារ ខេប៊ីប្រាសាក់ ក្នុងការប្រើប្រាស់នវានុវត្តន៍ឌីជីថល ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងចូលរួមចំណែកដល់ប្រព័ន្ធអេកូឡូហ្ស៊ី ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែងាយស្រួល ទំនើប សុវត្ថិភាព និងជំរុញដល់ការរីកចម្រើន នៃកម្លាំងធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ https://www.kbprasacbank.com.kh/km/business/self-banking/bill-payments/nssf-contribution-payment/ ឬទូរស័ព្ទមកលេខ ០៩៨ ៩៩៩ ៩១១ ឬ ០២៣ ៩៩៩ ៩១១៕