(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់លោកបណ្ឌិត ថោង ខុន លើកទី៨ ប្រចាំឆ្នាំ២០២៤ បានចាប់ផ្ដើមការប្រកួតជាផ្លូវការ នៅថ្ងៃទី២៥ ខែធ្នូនេះ គឺផ្ដោតលើការជំរុញគុណផលបច្ចេកទេស បន្ទាប់ពីការជួបជុំ និងហ្វឹកហាត់សាកល្បងជាមួយឧបករណ៍ប្រកួតរយៈពេល ៣ថ្ងៃកន្លងមក នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។
លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអត្តពលិកជិត ៧០នាក់ចូលរួម និងប្រកួតលើ ១៣វិញ្ញាសា ដូចការប្រកួតកីឡាជាតិដែរ ។ អ្វីដែលសំខាន់ គឺសហព័ន្ធចង់ឃើញអត្តពលិកចូលរួមជើងឯកថ្នាក់ជាតិឆ្នាំនេះ មានគុណផលបច្ចេកទេសកាន់តែប្រសើរឡើង សម្រាប់មានឱកាសប្រមូលផ្ដុំជម្រើសជាតិត្រៀមការប្រកួតអន្ដរជាតិនានា ។
មន្ដ្រីជំនាញដដែលបន្ដថា «ការប្រកួតជើងឯកថ្នាក់ជាតិ និងពានឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះ ទាក់ទងនឹងវិញ្ញាសា និងកីឡាករ-កីឡាការិនីចូលរួម មិនមានអ្វីប្រែប្រួលទេ ប៉ុន្ដែអ្វីដែលប្លែក ដែលយើងចង់បានឲ្យបានកាន់តែល្អនោះ គឺកម្រិតសិទ្ធផលបច្ចេកទេស ដើម្បីជំរុញការប្រកួតប្រជែងកាន់តែខ្លាំង ស្រមតាមគោលដៅសហព័ន្ធជ្រើសរើសអត្តពលិកថ្នាលត្រៀមឆ្ពោះទៅការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា» ។
លើសពីនេះ ការប្រកួតនេះដែរ ក៏ជាការពង្រឹងនូវក្រុមធំ ពិសេសកីឡាករ-កីឡាការិនីជម្រើសជាតិ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ដ្បិតឆ្នាំក្រោយ សហព័ន្ធបានត្រៀមជំរុញការហ្វឹកហាត់ឲ្យបានពេញលេញ ដើម្បីសម្រួចគោលដៅដណ្ដើមមេដាយស៊ីហ្គេមជូនជាតិ ទោះបីក្នុងកម្រិតមេដាយណាក៏ដោយ ។ ដូច្នេះសហព័ន្ធបានយកចិត្តទុកដាក់ខ្ពស់ ចំពោះក្រុមធំ ហើយក៏គ្រោងនឹងមានការប្រកួតអន្ដរជាតិចំនួន ២ គឺជើងឯកអាស៊ាន និងជើងឯកអាស៊ី មុនឈានដល់ស៊ីហ្គេម លើកទី៣៣ នៅថៃផងដែរ ។
តាមរយៈនេះ អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិខាងលើ សង្ឃឹមយ៉ាងមុតមាំថា កីឡាករ-កីឡាការិនីចូលរួមការប្រកួតជើងឯកថ្នាក់ជាតិនេះ នឹងយកវេទិកានេះបង្ហាញឲ្យអស់ពីសមត្ថភាព ដែលខិតខំហ្វឹកហាត់រយៈពេល ១ឆ្នាំកន្លងមក ឆ្ពោះទៅរកឧត្តមភាពរៀងៗខ្លួន ដើម្បីមានឱកាសជាប់ជម្រើសជាតិ និងចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា នៅឆ្នាំ២០២៥ ខាងមុខ ៕