(កំពត)៖ ក្រុមហ៊ុន «ជីបម៉ុងអុិនស៊ី» បាននាំយកសម្ភារអនាម័យមាត់ធេ្មញ សាប៊ូលាងដៃ ច្រាសដុសធេ្មញ សៀវភៅផាត់ពណ៌គំនូរសម្រាប់កុមារ និងក្រុមគ្រូពេទ្យចល័តមកណែនាំអំពីអនាម័យ សុខភាពមាត់ធ្មេញ ទៅចែកជូនសិស្សានុសិស្សជាង ២១០០នាក់ ដោយឥតគិតថ្លៃក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ ខេត្តកំពត។
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងបុគ្គលិកនៃក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម របស់ក្រុមហ៊ុន ជីប ម៉ុង បានសហការជាមួយអាជ្ញធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យចល័ត នៅក្នុងស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ បានរៀបចំកម្មវិធីសប្បុរធម៌ ដោយចុះណែនាំអំពីអនាម័យ សុខភាពមាត់ធ្មេញ និងចែកសាប៊ូលាងដៃ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ និងសៀវភៅផាត់ពណ៌ ជូនទៅដល់កូនសិស្សដែលមកពីសាលាបឋមសិក្សា អេង មាសនី និងសាលាបឋមសិក្សា រំពើន ប្រមាណជាង ២១០០នាក់ ដោយឥតគិតថ្លៃ។
សកម្មភាពមនុស្សធម៌ជួយសហគមន៍ ក៏ដូចជាសាលាបឋមសិក្សា អេង មាសនី នៃស្រុកអង្គរជ័យ និងសាលាបឋមសិក្សា រំពើន នៃស្រុកបន្ទាយមាស ខេត្តកំពត ពីសំណាក់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ក៏ទទួលបានការសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និងក្រុមគ្រូពេទ្យ មាតាបីតា អាណាព្យាបាល ជាពិសេសសិក្សានុសិស្សនៃសាលាទាំងពីរផងដែរ។
កន្លងមកក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ក៏បានជួយទៅដល់សាលាបឋមសិក្សា អេង មាសនី និង សាលាបឋមសិក្សា រំពើន ដូចជាបង្គន់អនាម័យ អណ្តូងទឹកស្អាតបំពាក់ដោយម៉ូទ័រ រោងទឹកស្អាត ក៏ដូចជាឧបត្ថម្ភស៊ីម៉ង់ត៍អូដ្ឋជាច្រើនតោន ដើម្បីអភិវឌ្ឍន៍សាលារៀន។
ក្រៅពីការជួយត្រឡប់ទៅសង្គម អ្វីដែលគួរជាទីមោទនៈជាងនេះទៀតនោះ ក្នុងនាមជាក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ ក្នុងស្រុកឈានមុខគេ ដែលបានបោះទុនវិនិយោគរហូតដល់ជាង ២៦២លានដុល្លារ និងបានដំណើរការរោងចក្រតាំងពីឆ្នាំ២០១៧ មក ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន ក៏បានរួមចំណែកបង្កើតប្រាក់ចំណូល ជាពិសេសឱកាសការងារជូនប្រជាពលរដ្ឋមូលដ្ឋាន បានយ៉ាងច្រើនថែមទៀតផង។
ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន គឺជាក្រុមហ៊ុនផលិតស៊ីម៉ង់ត៍ក្នុងស្រុក វិនិយោគដោយក្រុមហ៊ុន ជីបម៉ុង ជាក្រុមហ៊ុនខ្មែរឈានមុខគេ ដែលបាននឹងកំពុងចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមគ្រប់រូបភាព ជាពិសេស តាមរយៈសកម្មភាព នៃការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនរួមមាន ដូចជាការអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអប់រំស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក សុខភាពអនាម័យ ប្រព័ន្ធធារាសាស្រ្តជាដើម៕