(ភ្នំពេញ)៖ លោក កាំង សេន ដែលជាប្រធានក្លិប និងជាកីឡាករ នៃក្លិបកីឡាបាល់ទាត់ ISI ដង្កោសែនជ័យ បានប្រកាសអំពីគោលដៅស្វែងរកគ្រាប់បាល់ដំបូង ក្នុងក្របខណ្ឌលីគកំពូលកម្ពុជា (CPL) ដើម្បីក្លាយជាបុគ្គលដំបូងក្នុងបាល់ទាត់លើពិភពលោក ក្នុងនាមជាប្រធានក្លិបផង និងកីឡាករផងដែលអាចរកបានគ្រាប់បាល់ក្នុងលីគកំពូល នៃប្រទេសមួយ ។ លើសពីនេះ ប្រសិនបើលោកអាចសម្រេចក្ដីស្រម៉ៃនេះ លោកនឹងដាក់ពាក្យស្នើចុះបញ្ជីកំណត់ត្រានៅ Guinness World Record ។
លោក កាំង សេន បានប្រកាសជាសាធារណៈ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះថា លោកពិតជារីករាយ និងការតាំងចិត្តខ្ពស់ អំពីបេសកកម្មផ្ទាល់ខ្លួន ក្នុងការស្វែងរកគ្រាប់បាល់ដំបូង នៅក្នុងលីគកំពូលកម្ពុជា ដែលជាក្ដីស្រម៉ៃរបស់ខ្លួន តាំងពីក្មេង ហើយកាន់តែមានសារៈសំខាន់សម្រាប់លោក ដែលទើបជាសះស្បើយពីរបួសជង្គង់ (ACL) និង MPFL) អាចត្រឡប់ចូលទីលានវិញ ជាមួយភាពខ្លាំងជាងមុន ។ អ្វីដែលពិសេស ក្នុងនាមកីឡាករផង និងប្រធានក្លិបផង លោករឹតតែចង់បង្កើតកំណត់ត្រាពិសេសថែមទៀត ដើម្បីសម្រេចក្ដីស្រម៉ៃផ្ទាល់ខ្លួនផង និងបង្ហាញនូវផែនការពិសេសមួយ សម្រាប់បាល់ទាត់កម្ពុជាផង ។
ទន្ទឹមជាមួយការប្រកាសរកគ្រាប់បាល់ដំបូងក្នុងលីគកំពូលនេះ លោកបានបង្ហើបថា «ការត្រឡប់មកវិញនេះ ការដាក់គោលដៅស៊ុតចូលលីគកំពូលនេះ ខ្ញុំសង្ឃឹមថា អាចបង្កើតកំណត់ត្រាថ្មីដំបូង ។ លើសពីនេះ បើសិនខ្ញុំស៊ុតចូល ខ្ញុំមានផែនការដ៏ពិសេសមួយ និងធ្វើអ្វីមួយពិសេសសម្រាប់បាល់ទាត់ជាតិយើង តែឥលូវខ្ញុំសូមលាក់សិន ចាំពេលខ្ញុំស៊ុតចូល (ខ្ញុំដឹង ការស៊ុតចូលលីគកំពូល មិនងាយស្រួលទេ) តែសង្ឃឹមថា គោលដៅនេះ នឹងកើតឡើងក្នុងរដូវកាលនេះ ។ ពេលខ្ញុំស៊ុតចូល ខ្ញុំនឹងធ្វើអ្វីមួយពិសេស សម្រាប់បាល់ទាត់កម្ពុជា ហើយសង្ឃឹមថា Fan ទាំងអស់ រង់ចាំមើល ហើយក៏រង់ចាំគាំទ្រសកម្មភាព ដែលខ្ញុំនឹងធ្វើដូចគ្នា» ។
លើសពីនេះ លោកក៏បានដាក់ពាក្យស្នើទៅគណៈកម្មាកំណត់ត្រាពិភពលោក Guinness World Record ហើយដែរ ដើម្បីត្រៀមចុះបញ្ជី ក្នុងនាមកីឡាករ និងជាប្រធានក្លិបដំបូង ដែលអាចរកបានគ្រាប់បាល់ក្នុងលីគកំពូល នៃប្រទេសមួយ ដ្បិតតាមការស្រាវជ្រាវរបស់លោក នៅក្នុងវិស័យបាល់ទាត់លើពិភពលោក មិនទាន់មានកីឡាករ ឬប្រធានក្លិបណា ដែលអាចរកបានគ្រាប់បាល់ ស្របពេលមានតួនាទី ២ ដំណាលគ្នាបែបនេះឡើយ។
លោក កាំង សេន បញ្ជាក់ថា «ខាង Guinness World Record បានប្រាប់ថា បើអត់មានកំណត់ត្រាហ្នឹងទេ យើងអាចដាក់សុំកំណត់ត្រាហ្នឹងបាន។ អ៊ីចឹងគេកំពុងតែសិក្សាថា គេអាចចាត់ទុកជាកំណត់ត្រា Guinness World Record ឬអត់? ពីព្រោះខ្ញុំមើលប្រវត្តិមក ធ្លាប់មានប្រធានក្លិបគេផ្សេង គេលេងដែរ ប៉ុន្ដែមិនមែនលេងអាជីព ឬមួយលេងដែរ តែមិនលេងដំណាលគ្នា ហើយការស៊ុតចូលអត់មានតែម្ដង» ។
លោកបន្តថា «តាមពិត ខ្ញុំកំពុងមានកំណត់ត្រាហ្នឹងហើយ ព្រោះខ្ញុំជាកីឡាករផង និងជាប្រធានក្លិបផង ។ តែវាអត់មានអ្វីពិសេស ព្រោះយើងអត់ស៊ុតចូល បានន័យថា យើងគ្រាន់តែលេង តែបើយើងស៊ុតចូលវាធ្វើឲ្យកំណត់ត្រា ឬការស៊ុតចូលយើងហ្នឹង ចាត់ទុកជាផ្លូវការ និងកាន់តែមានន័យថែមទៀត» ។
បែបនេះក្ដី ប្រធានក្លិបខាងលើ បានអះអាងថា មិនមែនដើម្បីកំណត់ត្រាផ្ទាល់ខ្លួន ឬដើម្បីប្រយោជន៍បាល់ទាត់កម្ពុជា ក្លិបផ្សេងៗ ដែលត្រៀមជួប ISI ដង្កោសែនជ័យ មានការបន្ធូរបន្ថយឡើយ ពោលគឺលោកគាំទ្រការប្រកួតប្រជែងកាន់តែខ្ពស់ ដើម្បីឲ្យឱកាសស្វែងរកគ្រាប់បាល់របស់លោកកាន់តែមានន័យ ហើយកាន់តែពិសេស បើលោកអាចរកបានគ្រាប់បាល់ក្នុងទឹកដីរបស់ខ្លួន ។
មួយវិញទៀត តាមរយៈការកំណត់គោលដៅនេះ លោកកសង្ឃឹមថា នឹងក្លាយជាគំរូមួយ សម្រាប់កីឡាករ ក៏ដូចជាមនុស្សទូទៅ ដែលជួបឧបសគ្គ ពិសេសកីឡាករ ទោះបីមានបញ្ហារបួស សុំកុំបោះបង់ក្ដីស្រម៉ៃ ត្រូវខិតខំជម្នះ និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីត្រឡប់មកវិញ ជាមួយភាពខ្លាំងជាងមុន ៕