(បរទេស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃអង្គារសប្តាហ៍នេះថា អាជ្ញាធរអ៊ីរ៉ង់បានសម្រេចដកបម្រាមលើកម្មវិធីផ្ញើសាររបស់ Meta គឺ WhatsApp ព្រមទាំង Google Play ដែលជាជំហានដំបូងដើម្បីកាត់បន្ថយការរឹតបន្តឹងអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤។
សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីកិច្ចប្រជុំនៃឧត្តមក្រុមបឹ្រក្សានៃ Cyberspace ដែលទទួលខុសត្រូវលើការគ្រប់គ្រងអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ីរ៉ង់។ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការប្រទេសអ៊ីរ៉ង់បាននិយាយថា ក្រុមប្រឹក្សាបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីលុបចោលការរឹតបន្តឹងលើវេទិកាបរទេសដ៏ពេញនិយមដូចជា WhatsApp និង Google Play ដែលបានអនុវត្តអស់រយៈពេលជាងពីរឆ្នាំ ជាចម្បងដោយសារតែការព្រួយបារម្ភអំពីសន្តិសុខជាតិ និងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល។
លោក Sattar Hashemi រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា «ថ្ងៃនេះ ជាជំហានដំបូងក្នុងការលុបបំបាត់ដែនកំណត់អ៊ីនធឺណិត... វាត្រូវបានគេអនុវត្ត» ។
គួរជម្រាបថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់។ ជាក់ស្តែងកាលពីខែកញ្ញា សហរដ្ឋអាមេរិកបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដែលជារឿយៗគេហៅថា «Big Tech» ឱ្យជួយគេចចេញពីការត្រួតពិនិត្យអ៊ីនធឺណិតក្នុងប្រទេសដែលដាក់កំហិតខ្លាំងលើការចូលប្រើអ៊ីនធឺណិត ដូចជាអ៊ីរ៉ង់ជាដើម៕