(បរទេស)៖ Ant Group ដែលជាក្រុមហ៊ុន fintech ដ៏ធំ និងជាបុត្រសម្ព័ន្ធរបស់ Alibaba Group Holding កំពុងបំបែកអាជីវកម្មទូទាត់តាមទូរស័ព្ទរបស់ខ្លួន Alipay ជាពីរផ្នែក នៅក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសាជីវកម្មចុងក្រោយបង្អស់របស់ខ្លួនដើម្បីជំរុញកំណើនថ្មី។
អាជីវកម្ម Alipay នឹងត្រូវបំបែកចេញជាអាជីវកម្មពីរផ្សេងគ្នាគឺ ក្រុមហ៊ុន Digital Payment Group និង Alipay Business Group។ ក្រុមហ៊ុនថ្មីទាំងពីរនេះ នឹងត្រូវធ្វើការផ្លាស់ប្ដូរអគ្គនាយកគ្រប់គ្រងគ្នារាល់ពេល ៦ខែម្ដង។
Digital Payment Group នឹងផ្តោតលើការអភិវឌ្ឍន៍ផលិតផលទូទាត់ប្រកបដោយភាពច្នៃប្រឌិត ដោយមានអង្គភាពក្រោមចំណុះចំនួន៦ រួមមានអង្គភាពអាជីវកម្មទូទាត់តាមអ៊ីនធឺណិត និងអង្គភាពអាជីវកម្មទូទាត់ក្រៅបណ្តាញ។ ចំណែក Alipay Business Group ដែលគ្របដណ្ដប់លើផ្នែកចំនួនប្រាំមួយ រួមទាំងការផ្សាយពាណិជ្ជកម្ម និងផលិតផលឌីជីថល ព្រមទាំងផ្តោតលើកំណើនមូលដ្ឋានអ្នកប្រើប្រាស់ និងការរកប្រាក់ពី Alipay។
សម្រាប់ Alipay ការផ្លាស់ប្តូរនេះមានន័យថា វេទិកាទូទាត់ប្រាក់តាមទូរស័ព្ទបានសម្រេច លទ្ធផលជាដំណាក់កាលក្នុងការផ្លាស់ប្តូរពីកម្មវិធីដែលមានមូលដ្ឋានលើឧបករណ៍ ទៅអ៊ីនធឺណិត ហើយវាក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ Alipay ក្នុងការធ្វើឌីជីថលនៃឧស្សាហកម្មសេវាកម្មផងដែរ។
គួរបញ្ជាក់ផងដែរថា Alipay បានប្រកាសថា ខ្លួននឹងធ្វើការអភិវឌ្ឍនៃអាជីវកម្ម ដោយផ្ដោតសំខាន់លើកំណើននៃការប្រើប្រាស់ទាំងក្នុងតំបន់ និងក្រៅប្រទេស ដើម្បីពង្រីកវិសាលភាពនៃសេវាកម្មរបស់ខ្លួន៕