(ឡុងដ៍)៖ Frank Lampard និង Wayne Rooney អតីតកីឡាករឆ្នើមរបស់ក្រុមតោកំណាចអង់គ្លេស នឹងពើបប្រទះគ្នាជាលើកដំបូង ក្នុងនាមគ្រូបង្វឹកនៅ Championship រដូវកាល ២០២៤-២៥។

Lampard អតីតគ្រូបង្វឹក Chelsea និង Everton ដែលទើបតែងតាំងដឹកនាំក្លិប Coventry City ត្រូវដឹកនាំក្រុមឈរលេខរៀងទី១៧ នៅ Championship មួយនេះទទួលក្រុមបាតតារាង Plymouth Argyle ដែលដឹកនាំដោយអតីតមិត្តរួមក្រុម Rooney ក្នុងការប្រកួតបញ្ចប់ជើងទី១ របស់ពួកគេ ដ្បិត Plymouth នៅសល់ ១ប្រកួតក្នុងដៃ។

Plymouth មិនទាន់រកបានជ័យជម្នះក្រៅដីឡើយ ស្ថិតក្រោមការបង្វឹករបស់លោក Wayne Rooney ក្រោយឆ្លងកាត់សរុប ២១ប្រកួត និងរកបានតែ ១៨ពិន្ទុប៉ុណ្ណោះ ស្របពេល Lampard រកបាន ៧ពិន្ទុ ក្នុងចំណោម ៥ប្រកួតពីការចូលដឹកនាំ Coventry ជំនួសកៅអីលោក Mark Robins។

តាមរយៈលទ្ធផលនេះ មានតែ Coventry មួយគត់ ដែលឆ្លងផុតតំបន់កាត់ចោល ក្នុងនាមក្លិបដែលបានផ្លាស់ប្តូរគ្រូបង្វឹកនារដូវកាលនេះ លើកលែងតែ Plymouth, Oxford United និង Cardiff City ដែលកំពុងក្នុងតំបន់កាត់ចោលដូចគ្នា ទៅលេងនៅក្របខណ្ឌ League One ប្រសិនបើមិនអាចឆ្លងផុត រហូតដល់ចប់រដូវកាលនេះ៕