(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេដឹងថាមានគម្រោងផលិត iPhone ដែលគ្មានគែមអមជុំវិញអេក្រង់អស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែផែនការនេះហាក់គ្រាន់តែជាក្តីស្រម៉ៃតែប៉ុណ្ណោះ។ របាយការណ៍ថ្មីមួយពីប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ដើមឡើយ Apple ចង់បញ្ចេញ iPhone «Zero-bezel» នៅឆ្នាំ២០២៥ ឬ ២០២៦ ខាងមុខនេះ តែគិតមកទល់ពេលនេះកុំថាឡើយចេញលក់ សូម្បីតែចេញផ្សាយរូបរាងបច្ចុប្បន្នក៏មិនអាចដែរ នោះក៏ព្រោះតែបច្ចេកវិទ្យាមិនទាន់មាននៅឡើយនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាបានធ្វើការជាមួយនឹង Samsung Display និង LG Display នៅលើអេក្រង់ iPhone ដែលគ្មានគែមជាច្រើនឆ្នាំមកហើយ។ ទាក់ទិននឹងរបាយការណ៍ដូចគ្នានេះមានប្រភពជាច្រើនបានលើកឡើងថា Apple ទំនងជាចង់រក្សាអេក្រង់សំប៉ែតដូច iPhone នាពេលបច្ចុប្បន្ននេះ និងខ្លះទៀតចង់បានអេក្រង់ដូចទៅនឹង Apple Watch។ តែយ៉ាងណា អំពីរូបរាងអេក្រង់មកទល់ពេលនេះនៅមិនទាន់មាននរណាដឹងនៅឡើយទេថា Apple នឹងសម្រេចយកអេក្រង់ទម្រង់ណា ប៉ុន្តែប្រភពគូសបញ្ជាក់ថា Apple មិនចង់បានអេក្រង់កោងនោះទេ។

គួរជម្រាបថា គម្រោងផលិតដែលអាចនឹងមកដល់ iPhone 18 ក្នុងឆ្នាំ២០២៦ នោះទំនងមិនក្លាយជាការពិតនោះទេ ដូច្នេះសម្រាប់អ្នកគាំទ្រទាំងអស់អាចនឹងរង់ចាំរហូតដល់ឆ្នាំ២០២៧ យ៉ាងតិច៕