(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានជូនដំណឹងនៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ​ ថាបានជួបប្រទះនឹងការវាយប្រហារតាមអ៊ីនធឺណិតនៅថ្ងៃនេះ (ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤) ដែលបណ្តាលឱ្យមានការពន្យារពេលជើងហោះហើរក្នុងស្រុក និងអន្តរជាតិមួយចំនួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤។

JAL បាននិយាយថា ការវាយប្រហារបានចាប់ផ្តើមនៅម៉ោង ៧:២៤នាទីព្រឹកនៅក្នុងប្រទេសជប៉ុន ត្រូវនឹងម៉ោង ៥:២៤នាទីព្រឹកនៅក្នុងប្រទេសកម្ពុជា ហើយបានប៉ះពាល់ដល់ប្រព័ន្ធ System ទាំងខាងក្នុង និងខាងក្រៅរបស់ក្រុមហ៊ុន។ ប៉ុន្តែមិនបានបញ្ជាក់ ថាទំហំប៉ះពាល់នោះកម្រិតធ្ងន់ ឬស្រាលនោះទេ។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បានគូសបញ្ជាក់ថា ខ្លួនបានបិទជាបណ្តោះអាសន្ននូវរ៉ោតទ័រដែលបណ្តាលឱ្យ System ដំណើរការខុសប្រក្រតី ហើយក៏បានផ្អាកការលក់សំពុប្រសម្រាប់ជើងហោះហើរដែលគ្រោងចេញដំណើរនៅថ្ងៃព្រហស្បតិ៍នេះផងដែរ។

ទន្ទឹមនឹងនេះមានអ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន ANA Holdings ដែលជាក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុនផងដែលបាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនពុំឃើញមានសញ្ញានៃការវាយប្រហារលើ System នោះទ។ ដូច្នេះការវាយប្រហារនេះ គេនៅមិនទាន់ដឹងនៅឡើយនោះទេថា បណ្តាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដ៕