(ភ្នំពេញ​)៖ ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីជំរុញភាពជាដៃគូសហការគ្នា ក្នុងគោលបំណងលើកកម្ពស់ការអប់រំ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្ស។

​​ កិច្ចសហការជាយុទ្ធសាស្ត្រនេះ បង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់ស្ថាប័នទាំងពីរ ក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីគំនិតផ្តួចផ្តើមសំខាន់ៗសម្រាប់ការអភិវឌ្ឍការអប់រំ និងហិរញ្ញវត្ថុ។ អតិថិជនរបស់ធនាគារ ហត្ថានឹងរីករាយជាមួយនឹងការបញ្ចុះតម្លៃថ្លៃសិក្សាពិសេសនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបង្កើនលទ្ធភាពទទួលបានការអប់រំខ្ពស់។ ស្ថាប័នទាំងពីរនឹងលើកកម្ពស់សេវាកម្មរបស់គ្នាទៅវិញទៅមក ក៏ដូចជាលើកកម្ពស់ការយល់ដឹងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈសកម្មភាពយុទ្ធនាការរួមគ្នា។

លោក ស៊ាន ធនិន អគ្គនាយកលក់ និងចែកចាយនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការពង្រឹងការអភិវឌ្ឍមូលធនមនុស្សរបស់កម្ពុជា ដោយធ្វើឱ្យការអប់រំកាន់តែងាយស្រួល ធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងគាំទ្រដល់កម្លាំងការងារនាពេលអនាគត។ តាមរយៈការសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង យើងមានគោលបំណងធ្វើឱ្យសហគមន៍កាន់តែទូលំទូលាយ ទទួលបានសេវាអប់រំ និងហិរញ្ញវត្ថុចម្បងៗបន្ថែមទៀត»

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់​ដំបង ក៏បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូ ដោយបានបញ្ជាក់ថា «យើងមានសេចក្តីរំភើបរីករាយក្នុងការចាប់ដៃជាមួយធនាគារ ហត្ថា ដើម្បីផ្តល់ឱកាសបន្ថែម​ទៀតដល់និស្សិតរបស់យើងឆ្ពោះទៅកាន់វឌ្ឍភាព និងការរៀនសូត្រកាន់ប្រសើរ។ កិច្ចសហការនេះ មិនត្រឹមតែគាំទ្រដល់ការធ្វើដំណើរអប់រំរបស់និស្សិតរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយគម្លាតរវាងវិស័យសិក្សា និងវិស័យហិរញ្ញវត្ថុ ដោយធានាថានិស្សិតបញ្ចប់ការសិក្សារបស់យើងបានត្រៀមខ្លួនយ៉ាងល្អសម្រាប់កម្លាំងពលកម្មនាពេលអនាគត»

អាស្រ័យហេតុនេះ ភាពជាដៃគូនេះស្របជាមួយនឹងគោលដៅទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ តាមរយៈការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ភាពជាដៃគូនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស និងជួយកសាងសង្គមដែលជំរុញដោយចំណេះដឹង កាន់តែប្រសើរ​៕