(ប៉ារីស)៖ អតីតតារាជើងស៊ុត ពាក់លេខ១០ របស់មាន់គក Zinedine Zidane មានទំនោរចង់ដឹកនាំតែ ២ក្រុមប៉ុណ្ណោះក្នុងអាជីពគ្រូបង្វឹក ពោលគឺក្លិប Real Madrid និងជម្រើសជាតិបារាំង។
យោងតាមការចេញផ្សាយដោយ Marca របស់អេស្ប៉ាញបានឱ្យដឹងថា គិតមកទល់នឹងពេលនេះ បុរសវ័យ ៥២ឆ្នាំ Zidane បានទំនេរពីការងារមានរយៈពេលជិត ៤ឆ្នាំមកហើយ ក្រោយពេលលាឈប់ដឹកនាំក្រុមអធិរាជស Real Madrid នាចុងខែឧសភា ឆ្នាំ២០២១ បន្ទាប់ដឹកនាំក្លិបនៅទីក្រុង Madrid មួយនេះ ២លើករួចមក។
ប្រភពខាងលើដដែលបានបញ្ជាក់ថា អតីតតារា World Cup 1998 និងនាំបារាំងឡើងដល់ផ្តាច់ព្រ័ត្រកាលឆ្នាំ២០០៦ មិនមានបំណងដឹកនាំក្លិបណាមួយនៅ Premier League ឡើយ ដ្បិតកន្លងមក Manchester United ធ្លាប់បានទាក់ទង ប៉ុន្តែត្រូវបានលោកបដិសេធវិញ។
នៅចាំបានថា Zidane បានដឹកនាំ Real Madrid ឈ្នះជើងឯកពានអឺរ៉ុប UEFA Champions League ៣សម័យកាលជាប់ៗគ្នា ដោយបានចូលដឹកនាំលើកទី១ ជំនួសកៅអីលោក Rafael Benitez។ លោកជិតបានក្លាយជាគ្រូបង្វឹកជម្រើសជាតិសហរដ្ឋអាមេរិកទៅហើយ ក្រោយបញ្ចប់ World Cup 2022 នៅប្រទេសកាតា ប៉ុន្តែសម្រេចចុងក្រោយ គាត់បានបដិសេធទៀត៕