(បរទេស)៖ មហាកំផែងនៃប្រទេសចិន ដែលជាសំណង់ដ៏ល្បីល្បាញបំផុតមួយក្នុងពិភពលោក លាតសន្ធឹងជាង ២១,១៩៦គីឡូម៉ែត្រ ឆ្លងកាត់ភាគខាងជើងប្រទេសចិន។ ត្រូវបានសាងសង់ឡើងដោយរាជវង្សចិនជាច្រើនជំនាន់ ហើយភាពអស្ចារ្យនៃវិស្វកម្មនេះមិនមែនគ្រាន់តែជាជញ្ជាំងប៉ុណ្ណោះទេ ប៉ុន្តែ វាជាសក្ខីភាពមួយចំពោះការតស៊ូ និងភាពប៉ិនប្រសប់របស់មនុស្ស។ សម្រាប់អ្នកដែលចូលចិត្តដើរផ្សងព្រេង ការដើរជុំវិញមហាកំផែងទាំងមូលផ្តល់នូវបទពិសោធន៍ដែលមិនអាចប្រៀបផ្ទឹមបានដែលរួមបញ្ចូលគ្នានូវទេសភាពដ៏អស្ចារ្យ ប្រវត្តិដ៏សម្បូរបែប និងបញ្ហាប្រឈមខាងរាងកាយ។

តើលោកអ្នកដឹងទេថា បើសិនជាធ្វើដំណើរដោយថ្មើរជើង តើត្រូវចំណាយពេលប៉ុន្មានទើបអាចដើរផុតមហាកំផែងនេះបាន?

តាមការប៉ាន់ស្មានរបស់ក្រុមអ្នកជំនាញ និងអ្នកមានបទពិសោធន៍លើការធ្វើដំណើរដោយថ្មើរជើង បានឲ្យដឹងថាវាអាចចំណាយពេលប្រហែល ១៨ខែ ដើម្បីបញ្ចប់ការដើរលើមហាកំផែងនេះ។

ក្រុមអ្នកជំនាញបានបញ្ជាក់ថា ជាមធ្យមអ្នកអាចដើរបានរយៈចម្ងាយ ២០គីឡូម៉ែត្រក្នុងមួយថ្ងៃ ដោយមានការដើរយឺត និងលឿនចូលគ្នា ហើយក៏គិតទៅលើពេលវេលានៃឈប់សម្រាកផងដែរ។ ការដើរដោយប្រើពេល ២០គីឡូម៉ែត្រក្នុងមួយថ្ងៃនេះគឺអាចឲ្យលោកអ្នកទស្សនានូវទេសភាព និងលំហែរអារម្មណ៍បានថែមទៀតផង។

មួយវិញទៀត សម្រាប់អ្នកដែលគ្មានបទពិសោធន៍អាចនឹងដើរមិនដល់គោលដៅនោះទេ ព្រោះថា ការដើរលើមហាកំផែងចិននេះ វាមិនមែនដើរនៅលើផ្លូវរាបស្មើនោះទេ វាមានកន្លែងចុះចំណោត ឡើងចំណោត ផ្លូវដើរមានស្ថានភាពមិនស្មើគ្នា។

ក្រុមអ្នកជំនាញក៏បានកត់សម្គាល់ផងដែរថា សម្រាប់អ្នកជំនាញឡើងភ្នំ អាចបញ្ចប់ការដើររបស់ពួកគេបាននៅចន្លោះពេលពី ៣ ទៅ ៥ខែ ដោយសារតែពួកគេមានបទពិសោធន៍ក្នុងការតស៊ូជាមួយស្ថានភាពលំបាកៗ ជាពិសេសគឺការប្រើប្រាស់ថាមពលកម្លាំងរាងកាយ រួមជាមួយនឹងបទពិសោធន៍ផ្សេងៗជាច្រើនទៀត៕