(ឡុងដ៍)៖ ហង្សក្រហម Liverpool ដែលធ្លាប់ឈ្នះជើងលីគកំពូលអង់គ្លេស Premier League ចុងក្រោយកាលឆ្នាំ២០២០ បានធ្វើការវាយបកយកជ័យជម្នះ ៣-១ ពីកញ្ជ្រោងខៀវ Leicester City ដើម្បីបន្តនាំមុខដាច់កំពូលតារាង ៧ពិន្ទុ មុនពេលបញ្ចប់ជើងទី១។
៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Anfield ក្នុងប្រកួតទី១៨ ជើងទី១ បានញាំងឱ្យក្រុមរបស់លោក Arne Slot រកបាន ៤២ពិន្ទុ ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃថែមទៀត នាំមុខក្រុមលេខ២ Chelsea ៧ពិន្ទុ ក៏ព្រោះតោខៀវបានភ្លាត់ស្នៀតចាញ់ Fulham ២-១។
ក្រុមអ្នកគាំទ្របានស្រែកថា Liverpool, Liverpool, top of the league…Liverpool បន្ទាប់ពីកីឡាករ Courtis Jones រកបានគ្រាប់នាំមុខ ២-១ ពីការបង្ហាញខ្លួនលើកទី១០០ នៅ Premier League របស់គេ នាំមុខក្រុមទើបឡើងមកថ្មី Leicester ដែលកំពុងត្រដាបត្រដួសនៅក្បែរបាតតារាងលីគនារដូវកាលនេះ។
ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធ Mohamed Salah ក៏បន្តរកបានគ្រាប់បាល់ទី១៩ ផងដែរសម្រាប់ហង្សក្រហមនារដូវកាលនេះ ដើម្បីធានាជ័យជម្នះ ១០០% តែម្តង ដ្បិតទើបតែចាញ់ ១លើកគត់នារដូវកាលនេះក្នុងលីគអង់គ្លេស៕