(បរទេស)៖ លោក Wayne Rooney បានថ្លែងក្រោយចប់ការប្រកួតថា រូបលោកនៅតែគ្រូបង្វឹកដ៏ស័ក្តិសមដដែល ពីការដឹកនាំ Plymouth Argyle ទោះចាញ់ម្ចាស់ផ្ទះ Coventry City របស់ Frank Lampard ៤-០ យប់មិញក៏ដោយ។
ការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតនៅថ្ងៃ Boxing Day ក្រោមថ្វីជើងម្ចាស់ផ្ទះ Coventry វាជាការបរាជ័យលើកទី៥ របស់ Rooney ធ្វើឱ្យ Argyle បន្តឈរទីបាតារាងនៃក្របខណ្ឌទី២ អង់គ្លេស Championship រដូវកាលនេះ ជាមួយ ១៨ពិន្ទុ។
Rooney បានថ្លែងក្នុងសន្និសីទដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថ្ងៃនេះថា «វាជាការខកចិត្តដ៏ធំសម្រាប់ខ្ញុំប្រៀបដូចពេញមួយរដូវកាល ដែលមើលទៅហាក់ដូចជា ២ក្រុមផ្សេងគ្នារវាងលេងក្នុងផ្ទះ និងក្រៅផ្ទះ។ វាធ្វើឱ្យប៉ះទង្គិចផ្លូវការចិត្តខ្លាំងមែនទេ? វាជាអ្វីដែលយើងទន្ទឹងចាំមើល។ គ្រប់គ្នាតែងចោទជាសំណួរ ហើយខ្ញុំនឹងព្យាយាមឆ្លើយឱ្យល្អបំផុត តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ផងថា ក្រុមរបស់ Rooney មានបញ្ហាជាខ្លាំង ជាពិសេសនៅតំបន់ប្រយុទ្ធតែម្តង ដ្បិតកីឡាករជាច្រើនមានបញ្ហារបួស។ ពួកគេទើបរកបានតែ ២ពិន្ទុប៉ុណ្ណោះ ក្នុងចំណោម ១២ប្រកួតក្រៅដី ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និងរបូតវិញដល់ទៅ ៣៣គ្រាប់ឯណោះ និងដាច់ ២ពិន្ទុទៀតផងពីតំបន់មានសុវត្ថិភាព។ Coventry បានឡើងទៅឈរលេខ១៥ ដោយមាន ២៧ពិន្ទុ ក្រោយឆ្លងកាត់ ២៣សប្តាហ៍ នៅពេល Argyle នៅសល់ ១ប្រកួតទៀត៕