(ឡុងដ៏)៖ ក្រុមបិសាចក្រហម Manchester United បានចាប់ផ្តើមលេចមិនស្គាល់ឈ្នះនៅ ៣ប្រកួតជាប់គ្នា ក្រោមដឹកនាំដោយគ្រូថ្មីលោក Ruben Amorim ក្នុងលីគអង់គ្លេស Premier league រដូវកាលនេះ ជាមួយការបាត់បង់ខ្សែបម្រើល្អ Bruno Fernandes នៅប្រកួតបន្ទាប់ក្រោយបានកាត់ក្រហមនៅជំនួបចាញ់ Wolves ២-០ ។
ប្រធានក្រុម Bruno Fernandes ត្រូវបានបណ្តេញចេញពីការប្រកួត ក្រោយបង្កកំហុសទទួលការពិន័យលឿង ២សន្លឹក ជាមួយនឹងគ្រាប់បាល់ជ័យជម្នះ ២-០ របស់ក្រុមលោក Vitor Pereira នាំពួកគេស្គាល់ជ័យជម្នះលើកទី៤ ក្នុងលីគរដូវកាលនេះ និងរកបាន ១៥ពិន្ទុ ពីការលេង ១៧ប្រកួត ឈរនៅលើតំបន់កាត់ចោល ៣ពិន្ទុ ។
ការចាញ់នេះដែរ បានធ្វើឱ្យក្រុមបិសាចក្រហម Man United ដែលទើបធ្វើការផ្លាស់ប្តូរអ្នកចាត់ការក្រុមថ្មី ជាមួយក្ដីសង្ឃឹមលើការប្រកួតប្រជែងនោះ បានបន្តស្គាល់ការចាញ់លើកទី៤ ក្នុងប្រកួតលីគរដូវកាលនេះ បានធ្លាក់ទៅលេខ១៤ និតមានតែ ២២ពិន្ទុបណ្តោះអាសន្ន ។
ហើយផ្ទុយទៅវិញលោក Pereira បានក្លាយជាអ្នកចាត់ការដំបូង ដែលដឹកនាំក្រុមរកបានជ័យជម្នះនៅការប្រកួតបើកឆាកលីគ Premier League ចំនួន ២ប្រកួត ក្រោយការចូលមកដឹកនាំក្រុម Wolves ។
ក្រោយចប់ការប្រកួតរបូត ៣ពិន្ទុនេះ លោក Amorim បាននិយាយថា «ពិតជាលំបាកណាស់ក្នុងការឈ្នះការប្រកួតក្នុងលីគនេះជាមួយនឹងសមាជិក ១១នាក់ ទល់ជាមួយនឹងសមាជិក ១០នាក់ វាពិតជាពិបាក។ ហើយការបណ្តេញកីឡាករចេញ គឺពិតជាពិបាកណាស់សម្រាប់ពួកយើង» ៕