(ភ្នំពេញ)៖ ការប្រកួតកីឡាប្រដាល់កលជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ក្រោយដំណើរការប្រកយតរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២៤ នៅសាលដំបូលទូក នៃសាកលវិទ្យាភូមិន្ទភ្នំពេញ ដោយក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ ខណៈអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់ មានការវាយតម្លៃខ្ពស់ អំពីការកើនគុណផល ទាំងកីឡាករជម្រើសជាតិ និងតាមក្លិប ។

ថ្លែងក្រោយបញ្ចប់ការប្រកយតប្រចាំឆ្នាំនេះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យដ៏ធំសម្រាប់ការៀបចំជើងឯកថ្នាក់ជាតិឆ្នាំនេះ ដ្បិតចំនួនអត្តពលិក និងក្លិបចូលរួមកើន ៥០% ហើយសហព័ន្ធក៏បានផ្ដល់ការឧបត្ថម្ភដល់កីឡាករ-កីឡាការិនីជយាលភី និងក្លិបកាន់តែច្រើន ។ ពិសេសការបើកទំព័រថ្មី ផ្ដល់ឱកាសដល់យុវជនថ្នាលបានចូលរួមប្រកួតតែម្ដង ។

មន្ដ្រីប្រតិបត្តិសហព័ន្ធដដែលបន្ដថា ឆ្លងកាត់ការប្រកួត ៤ថ្ងៃកន្លងមក ទាំងកីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាករ-កីឡាការិនីមកពីតាមសមាគម/ក្លិប សុទ្ធតែបានបង្ហាញនូវគុណផលយ៉ាងល្អ ដែលជាសញ្ញាណវិជ្ជមាន ឆ្លើយតបផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការសម្រួចទិសដៅត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ក៏ដូចជាពង្រឹងថ្នាលយុវជនត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ផងដែរ ។

លោកបន្ដថា «ចំពោះសមិទ្ធផលនៃការប្រកួតជើងឯកថ្នាក់ជាតិនេះ មិនត្រឹមតែកីឡាករជម្រើសជាតិទេ ដែលពួកគាត់ទទួលបានមេដាយ សូម្បីកីឡាករតាមសមាគម/ក្លិប ក៏បានបង្ហាញនូវគុណផលល្អដែរ ជាក់ស្ដែងក្នុងវគ្គផ្ដាច់ព្រ័ត្រ មានទាំងកីឡាករជម្រើសជាតិ និងកីឡាករតាមបណ្ដាក្លិប ដែលជាសញ្ញាណល្អនៃការចូលរួម ក៏ដូចជាគុណភាពនៃការរៀបចំជើងឯក ដើម្បីផ្ដោត ក៏ដូចជាពង្រឹងពួកគាត់ត្រៀមចូលរួមការប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៥»

អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា បន្ទាប់ពីចម្រាញ់បានធនធានកីឡាករ-កីឡាការិនីឆ្នើមៗ ក្នុងការប្រកួតប្រចាំឆ្នាំនេះ សហព័ន្ធនឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ ហើយសង្ឃឹមថា ពួកគេនឹងខិតខំប្រឹងប្រែង ដើម្បីឈានទៅរក្សាបាននូវកំណត់ត្រាមេដាយស៊ីហ្គេម ដូចកាលកម្ពុជា ធ្វើម្ចាស់ផ្ទះ ឆ្នាំ២០២៣ ដែលកីឡាប្រដាល់សកលកម្ពុជា ដណ្ដើមបានមេដាយសរុប ៩គ្រឿង (មាស ១ ប្រាក់ ៣ និងសំរឹទ្ធ៥) ។ ហេតុនេះ លោកសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ កម្ពុជានឹងអាចរក្សាបាននូវកំណត់ត្រានេះ ។

សូមបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិខាងលើ មានកីឡាករ-កីឡាការិនី ១៤៥នាក់ មកពី ៣០ សមាគម/ក្លិប-រាជធានី/ខេត្ត និង ៣ក្រសួងចូលរួម ដែលកើនឡើង ៥០% បើធៀបកាលពីឆ្នាំមុន ។ ចំពោះលទ្ធផលបច្ចេកទេស គឺក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេ សរុបមេដាយមាស ៥គ្រឿង គ្រាដែលក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស ៣ និងប្រាក់ ៤ សរុប ៧គ្រឿង ។ ក្លិបបញ្ជាការដ្ឋានកាំភ្លើងធំ ឈរលេខ៣ ឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ៤ ។ ក្លិបខេត្តកំពង់ឆ្នាំង ឈរលេខ៤ ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ និងក្លិបអន្លង់ភូមិមានជ័យ ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿងផងដែរ ៕