(ភ្នំពេញ)៖ ធនាគារ វីង បានរួមគ្នាជាមួយមណ្ឌលកុមារផ្ទះក្លារ៉ា ដើម្បីរៃអង្គាសថវិកាដល់កុមារ ដែលត្រូវការការទំនុកបម្រុង តាមរយៈព្រឹត្តិការណ៍រត់ និងជិះកង់ ពីខេត្តក្រចេះដល់ខេត្តកណ្តាល។ «ព្រឹត្តិការណ៍រត់ និងជិះកង់ ២៥០គម តាមបណ្ដោយទន្លេមេគង្គ» របស់មណ្ឌលកុមារផ្ទះក្លារ៉ា ក្នុងគោលបំណងរៃអង្គាសថវិកាសម្រាប់ផ្គត់ផ្គង់ ការថែទាំ និងការអប់រំដល់កុមារដែលងាយរងគ្រោះនៅកម្ពុជា។
លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា «យើងខ្ញុំសូមអរគុណដល់មណ្ឌលកុមារផ្ទះក្លារ៉ា ដែលបានធ្វើការលើបុព្វហេតុសង្គមមួយនេះ។ ការបរិច្ចាគរបស់លោកអ្នក មិនថាចំនួនប៉ុន្មាននោះទេ ប៉ុន្តែវាពិតជាមានអត្ថន័យធំធេង ចំពោះកុមារដែលត្រូវការជំនួយ»។ កម្មវិធីនេះប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមរត់ និងជិះកង់ពីខេត្តក្រចេះ ទៅកាន់ខេត្តកណ្តាល។
លោកស្រី Sandra Rousseau អ្នកសម្របសម្រួលកម្មវិធីនៃមណ្ឌលកុមារផ្ទះក្លារ៉ា បានសម្តែងសេចក្តីអំណរដោយបញ្ជាក់ថា «យើងខ្ញុំពិតជាអរគុណ ចំពោះការរួមចំណែកពីដៃគូទាំងអស់ ដែលអនុញ្ញាតឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តិទៅបាននៅឆ្នាំនេះ។ ការចូលរួមពីសប្បុរសជនដែលចូលរួមឧបត្ថម្ភទាំងអស់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ពួកយើងឱ្យសម្រេចបាននូវបេសកកម្ម ក្នុងការរៃអង្គាសថវិកានេះ ព្រមទាំងពង្រឹងសាមគ្គីភាពតាមរយៈសកម្មភាពកីឡា។ ជាមួយនឹងការគាំទ្ររបស់ដៃគូទាំងអស់ យើងអាចទាក់ទាញចំណាប់អារម្មណ៍ ពីមហាជនបានកាន់តែច្រើនមកលើកិច្ចការសប្បុរសធម៌របស់យើង ក្នុងការទទួលបានធនធានបន្ថែម ដើម្បីផ្តល់ការថែទាំកុមារដែលងាយរងគ្រោះ ដែលស្ថិតនៅមណ្ឌលរបស់យើង ពង្រីកវិសាលភាព និងពង្រឹងកម្មវិធីរបស់យើងឱ្យមានផលវិជ្ជមានយូរអង្វែង ដែលធានាបានថាកុមារកាន់តែច្រើនមានអនាគតល្អភ្លឺស្វាង»។
មណ្ឌលកុមារផ្ទះក្លារ៉ា បានផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាព និងចិញ្ចឹមបីបាច់កុមារប្រមាណជា ១៥០នាក់ ដែលមានស្ថានលំបាក និងខ្វះខាត។ ជាមួយគ្នាផងដែរកុមារចំនួនជាង ៦០នាក់ផ្សេងទៀត ត្រូវបានអ្នកស្រុកទទួលចិញ្ចឹមបីបាច់ថែរក្សា ចំណែកកុមារខ្លះទៀតរស់នៅជាមួយគ្រួសាររបស់ពួកគេ នៅក្នុងភូមិក្បែរនោះ។ មណ្ឌលកុមារផ្ទះក្លារ៉ា គឺជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើង ក្នុងគោលបំណងផ្តល់បរិយាកាសសុវត្ថិភាពដែលកុមារអាចលូតលាស់ រៀនសូត្រ និងកសាងជីវិតរបស់ពួកគេប្រកបដោយគុណតម្លៃ និងក្តីសង្ឃឹម។
កម្មវិធីនេះបានរៀបចំឡើងជាលើកដំបូងនៅខែធ្នូ ឆ្នាំ២០២០ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រោមការផ្តួចផ្តើមពី កញ្ញា Véronique Messina ដែលជាអ្នករត់ប្រណាំងចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គ (ultra-trailer) និងជាអ្នកទេសចរ ដែលស្នាក់អាស្រ័យនៅប្រទេសកម្ពុជា។ កម្មវិធីនេះបានរួមបញ្ចូលគ្នានូវការរត់ចម្ងាយឆ្ងាយ និងការជិះកង់ ដើម្បីផ្សព្វផ្សាយអំពីបេសកកម្ម បង្កើនការយល់ដឹង និងកៀគរមូលនិធិសម្រាប់មណ្ឌលកុមារផ្ទះក្លារ៉ា។
ស្មារតីនៃការធ្វើការងារជាក្រុម ការប្តេជ្ញាចិត្ត និងការជួយគាំទ្រគ្នាទៅវិញទៅមក ដែលធ្វើឱ្យកម្មវិធីនេះបានរៀបចំឡើងបានចំនួន ៥ឆ្នាំជាប់ៗគ្នា។ អ្នកចូលរួមក្នុងបុព្វហេតុនេះ មិនថាជាអ្នកចូលរួមរត់ ឬជិះកង់ពីខេត្តក្រចេះ ទៅមណ្ឌលកុមារផ្ទះក្លារ៉ា ស្ថិតនៅក្នុងខេត្តកណ្តាល គឺសុទ្ធតែធ្វើដំណើរក្នុងរយៈចម្ងាយផ្លូវ ២៥០គីឡូម៉ែត្រ តាមដងទន្លេមេគង្គ។ កម្មវិធីនេះបានទាក់ទាញអ្នកចូលរួមប្រហែល ២០នាក់ ដែលបានរត់ និងជិះកង់ ហើយពួកគេបានបោះជំរុំ និងស្នាក់នៅផ្ទះសំណាក់តាមដងផ្លូវ ដែលជំរុញដល់ចំណងមិត្តភាព និងស្មារតីសហគមន៍។
ដើម្បីចូលរួមគាំទ្រដល់កុមារនៅមណ្ឌលកុមារផ្ទះក្លារ៉ា លោកអ្នកអាចធ្វើការបរិច្ចាគបានតាមអេប Wing Bank តាមរយៈគណនីលេខ ១០០៧៧៧៨៦៦។ សម្រាប់អ្នកប្រើប្រាស់គណនីធនាគារផ្សេងទៀត ក៏អាចបរិច្ចាគដោយការស្កេន KHQR ដែលបានផ្ដល់ជូននៅទីនេះបានផងដែរ។ ការបរិច្ចាគត្រូវបានធ្វើឡើងដោយមិនគិតថ្លៃសេវា និងចូលផ្ទាល់ទៅកាន់គណនីរបស់មណ្ឌលកុមារផ្ទះក្លារ៉ា សម្រាប់គាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេផងដែរ៕
សម្រាប់ព័ត៌មានបន្ថែម៖ https://www.facebook.com/250kmalongthemekong