(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកីឡាបាល់ទះកម្រិត «ក ឬ A) លើកដំបូងដោយជោគជ័យ ក្រោយដំណើរការសិក្សារយៈពេល ៣ថ្ងៃ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដើម្បីត្រៀមកាត់សេចក្ដីក្នុងការប្រកួតធំៗ ពិសេសការប្រកួតតេជោលីគ ដែលជាពានលំដាប់កំពូលនៅកម្ពុជា និងពានអន្ដរជាតិផ្សេងៗ ។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា វគ្គវគ្គបណ្ដុះបណ្ដាលនេះ បានចាប់ផ្ដើមសិក្សាពីថ្ងៃទី២៤-២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួម ៤៣នាក់ ក្នុងនោះមានសិក្ខាកាមកម្រិត A ចំនួន ១៤នាក់ និងកម្រិត C ចំនួន ២៩នាក់ ដែលភាគច្រើនជាជនបង្គោលតំណាងសមាគម/ក្លិបទាំង ៣១ ដែលទើបបញ្ចប់ការប្រកួតពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី៣ កាលពីពេលថ្មីៗនេះ ។

លោកបន្តថា វគ្គនេះរៀបចំឡើង ដើម្បីជំរុញអាជ្ញាកណ្ដាល-ចៅក្រមកម្រិតខ្ពស់នៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ដ្រសហព័ន្ធ ក្នុងការពង្រឹង និងជំរុញការធ្វើកំណែទម្រង់ធនធានមនុស្ស ក្នុងនោះក៏មានមន្ដ្រីបច្ចេកទេសផងដែរ ដើម្បីឆ្លើយតបនឹងភាពរីកចម្រើននៃវិស័យកីឡាបាល់ទះកម្ពុជាបច្ចុប្បន្ន ក៏ដូចជាលើពិភពលោកបច្ចុប្បន្ន ក្រោមការដឹកនាំ និងចង្អុលបង្ហាញរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បន្ដថា «តាំងពីដើមទីមក មិនធ្លាប់មានអាជ្ញាកណ្ដាលកម្រិត A ទេ ។ អ៊ីចឹងដើម្បី Upgrade កម្រិត A នេះបាន ទាល់តែពួកគាត់អនុវត្តលើទីលានឲ្យមានមូលដ្ឋានជាក់លាក់សិន ។ ចឹងយើងបានបំប៉នទ្រឹស្ដី ក៏ដូចជាច្បាប់ថ្មីៗ ដែលសហព័ន្ធកីឡាបាល់ទះពិភពលោក បានធ្វើការកែតម្រូវ ចឹងពួកគាត់ត្រូវបាន Upgrade ពីកម្រិត B មកកម្រិត A ហើយនៅថ្ងៃអនាគត ពេលអាជ្ញាកណ្ដាលកម្រិត A នៅកម្ពុជាគាត់មានសមត្ថភាពកាន់តែប្រសើរ ពិសេសភាសាអង់គ្លេស យើងនឹងជំរុញពួកគាត់ធ្វើម៉េចឲ្យទទួលបានអាជ្ញាបណ្ណអន្ដរជាតិថែមទៀត» ។

ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលខាងលើ សិក្ខាកាមសុទ្ធតែទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយសហព័ន្ធ និងអង្គភាពពាក់ព័ន្ធ ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្ឃឹមថា ក្រោយទទួលបានចំណេះដឹងកម្រិតខ្ពស់ថ្នាក់ជាតិនេះ សិក្ខាកាមទាំងអស់ នឹងបន្ដខិតខំសិក្សាស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍន៍ជំនាញ ក៏ដូចជាប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងភាសាតែមួយ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះកម្ពុជាឲ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងលើឆាកជាតិ និងអន្ដរជាតិ ៕