(រតនាគីរី)៖ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពាំនាំនូវសម្ភារៈសិក្សាជូនដល់សាលាចំនួន២០ ស្ថិតក្នុងតំបន់ដាច់ស្រយ៉ាលរបស់ខេត្តរតនគីរី ក្នុងនោះរួមមានចំនួនកាតាបសរុបដែលបានចែកចំនួន ៣៤០០កាតាប ចំនួនសៀវភៅសរុបដែលបានចែក ៣៤០០០ក្បាល ដល់សិសសរុបចំនួន ៣៤០០នាក់ ដោយសិស្សម្នាក់ទទួលបានកាតាបចំនួន១ និងសៀវភៅ១០ក្បាល។
សាលាចំនួន២០ដែលអិលអូអិលស៊ី ផ្ដល់ជូនសម្ភាររួមមាន៖ សាលាបឋមសិក្សាឡុំ, សាលាបឋមសិក្សាប៉ក់តូច, សាលាបឋមសិក្សាប៉ក់ធំ, សាលាបឋមសិក្សាកាតែ, សាលាបឋមសិក្សាគងយុគ, សាលាបឋមសិក្សាពាក់, សាលាបឋមសិក្សាគងធំ, សាលាបឋមសិក្សាឡុំកម, សាលាបឋមសិក្សាសោមគល់, សាលាបឋមសិក្សាក្រេះ, សាលាបឋមសម្តេចឪម៉ែយាក់ប៉ូយ, សាលាបឋមសិក្សាសោមត្រកថ្មី, សាលាបឋមសិក្សាប៉ាដល, សាលាបឋមសិក្សាសោមធំ(សោមកានីញ), សាលាបឋមសិក្សាប៉ក់ប៉ូ , សាលាបឋមសិក្សាឯកភាព, សាលាបឋមសិក្សាក្រឡា, សាលាបឋមសិក្សាតងណងឡិៈ,សាលាបឋមសិក្សាកាំ និងសាលាបឋមសិក្សាល្អឺនក្រែន។
ការផ្ដល់ជូនសម្ភារៈសិក្សានេះ ធ្វើឡើងក្រោមការចូលរួមពីលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងគណៈគ្រប់គ្រងផ្សេងទៀតរបស់ អិលអូអិលស៊ី។
លោក សុខ វឿន បានថ្លែងឲ្យដឹងថា រូបលោកពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង ដែលមានឱកាសធ្វើដំណើរមកទីនេះផ្ទាល់ នឹងទទួលបានស្នាមញញឹម ស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះ។ ក្នុងនាមតំណាងឱ្យ ក្រុមគ្រួសារ អិលអូអិលស៊ី រូបលោកមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំកម្មវិធីដ៏ពិសេសនេះ សម្រាប់ផ្តល់ជូនសម្ភារសិក្សាដល់ក្មួយៗសិស្សានុសិស្ស។
លោកបានបន្ដថា នៅអិលអូអិលស៊ី យើងជឿជាក់ថាការអប់រំគឺជាសសរស្តម្ភនៃការអភិវឌ្ឍ និងជាគ្រឹះទៅកាន់អានាគតដ៏ភ្លឺស្វាង ហើយអិលអូអិលស៊ីយល់ឃើញថា ក្មួយៗទាំងអស់នៅទីនេះសុទ្ធសឹងតែជាទំពាំងស្នងឬស្សី ដែលនឹងក្លាយខ្លួនជាសរសរទ្រូងដ៏រឹងមាំដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ យើងនាពេលអនាគត ហើយការសិក្សាររបស់ក្មួយៗនៅគ្រប់កម្រិតសក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ខ្ពស់។ លោកបានបញ្ជាក់ថា កាតាប និងសៀវភៅទាំងនេះហាក់ដូចជាសម្ភារសាមញ្ញ ប៉ុន្តែវាដើរតួនាទីយ៉ាងសំខាន់ ដើម្បីជួយឱ្យក្មួយៗមានសម្ភារសិក្សាបន្ថែមគ្រប់គ្រាន់ និងជំរុញទឹកចិត្តក្មួយៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រ សម្រេចក្តីសុបិន្តរបស់ខ្លួន។
លោកនាយកសាលាបឋមសិក្សាឡុំ ដែលជាសាលាមួយក្នុងចំណោមសាលាទាំង២០ បានថ្លែងថា អ្វីដែល អិលអូអិលស៊ីបានធ្វើតាមរយៈការចែកសម្ភារសិក្សានៅទីនេះ គឺមានតម្លៃជាពិសេសណាស់ដល់រូបលោក ក៏ដូចជាកូនៗដែលជាសិស្សក្រីក្រ កំពុងសិក្សានៅក្នុងសាលារបស់លោក ដែលជាសាលានៅជនបទដាច់ស្រយ៉ាល។ លោកបានបន្តទៀតថា សម្ភារសិក្សានឹងជួយសម្រាលបន្ទុកការចំណាយរបស់កូនៗដែលកំពុងសិក្សាបានមួយផ្នែក ហើយនឹងក្លាយជាមធ្យោបាយមួយលើកទឹកចិត្តឱ្យកូនៗខិតខំរៀនសូត្រសម្រេចបាននូវគោលដៅរបស់ពួកគេ។
សូមបញ្ជាក់ថា អិលអូអិលស៊ីតែងតែយកចិត្តទុកដាក់លើកកម្ពស់នូវការអប់រំ ដែលកន្លងមកស្ថាប័នទើបតែរៀបចំកម្មវិធី ប្រគល់រង្វាន់កុំព្យូទ័រដល់សិស្សានុសិស្សដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី ទទួលបាននិទ្ទេស A ក្នុងការប្រលងបាក់ឌុបឆ្នាំ ២០២៤ នាពេលថ្មីៗកន្លងមកនេះ។ បើតាមការឱ្យដឹងរបស់លោកប្រធាននាយកប្រតិបត្តិ អិលអូអិលស៊ីបានត្រៀមសម្ភារសិក្សាកាតាប និងសៀវភៅជាង ៧.០០០ ឈុតបន្ថែមទៀតសម្រាប់ចែកជូនសិស្សានុសិស្ស ជាពិសេសក្នុងតំបន់ដាច់ស្រយាលដែលស្ថិតនៅក្នុងខេត្តផ្សេងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ៕