(បរទេស)៖ នាង Aryna Sabalenka កីឡាការិនី Tennis បានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១ ពិភពលោកប្រចាំឆ្នាំ២០២៤ និងត្រៀមលក្ខណៈសម្បតិ្តរួចរាល់ផងដែរ ក្នុងការចាប់ផ្តើមរដូវកាលថ្មីខាងមុខ។

កីឡាការិនីអន្តរជាតិប៊ែលឡារុស វ័យ ២៦ឆ្នាំខាងលើនេះបានថ្លែងថា នាងមានអារម្មណ៍ស្រស់ថ្លា និងត្រៀមខ្លួនរួចរាល់ ក្នុងការចាប់ផ្តើម Tennis រដូវកាលថ្មី ជាមួយនឹងការការពារតំណែងកំពូលនេះដែរ។

នាងថា «វាមានរឿងច្រើនទៀតដែលត្រូវអភិវឌ្ឍន៍ ក៏ព្រោះតែខ្ញុំមិនទាន់ល្អឥតខ្ចោះ ដូចអ្វីដែលខ្ញុំចង់បាននោះទេ។ វាតែងតែចាប់ផ្តើមពីចំណុចដំបូងជានិច្ច»

នៅចាំបានថា Sabalenka ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពិភពលោកពីកីឡាការិនី Iga Swiatek របស់ប៉ូឡូញ នៅមុនពេលបញ្ចប់រដូវកាលឆ្នាំ២០២៤ ដែលនាងត្រៀមប្រកួតបើកឆាករដូវកាលថ្មី ក្នុងកម្មវិធី Brisbane International ចាប់ពីថ្ងៃទី២៩ ខែធ្នូ ជាកម្មវិធីប្រកួតកំដៅសាច់ដុំ មុនលេងពានធំ Australian Open 2025។

នាងនឹងប្រកួតការពារតំណែងជើងឯក Australian Open នាខែមករា ឆ្នាំ២០២៥ ខាងមុខនៅប្រទេសអូស្រ្តាលី មុនពេលនាងបន្តការពារ US Open របស់អាមេរិកបន្ថែមទៀតនៅខែកញ្ញា ដែលជាពានធំលើកទី៣ របស់នាងក្នុងកម្រិត Grand Slam ពីវិញ្ញាសាវាយទោល ផ្នែកនារី៕