(បរទេស)៖​ ក្រុមហ៊ុន Shinsegae Group ដែលជាក្រុមហ៊ុនលក់រាយរបស់កូរ៉េខាងត្បូងដ៏លេចធ្លោមួយ បានប្រកាសពីភាពជាដៃគូជាមួយ Alibaba International ដើម្បីបង្កើតការបណ្តាក់ទុនរួមគ្នាក្នុងគោលបំណងពង្រឹងមុខតំណែងរបស់ពួកគេនៅក្នុងទិដ្ឋភាពពាណិជ្ជកម្មអេឡិចត្រូនិចដ៏ប្រកួតប្រជែងរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ត្រូវបានគេបង្ហើបថាមានឈ្មោះ Grand Opus Holdings គ្រោងនឹងរួមបញ្ចូលគ្នានៅឆ្នាំ២០២៥​ ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចសហការនេះ ពាក់ព័ន្ធនឹងការបណ្តាក់ទុនរួមគ្នា ៥០-៥០ ដែលរួមបញ្ចូលវេទិកា Gmarket របស់ Shinsegae និង AliExpress Korea របស់ Alibaba ដែលក្រុមហ៊ុនទាំងពីរនឹងបន្តប្រតិបត្តិការដោយឯករាជ្យ ខណៈពេលដែលប្រើប្រាស់ភាពខ្លាំងរបស់គ្នាទៅវិញទៅមក។ ក្រុមការងារក្រុមហ៊ុនកូរ៉េខាងត្បូងបាននិយាយនៅក្នុងឯកសារបទប្បញ្ញត្តិមួយថា Shinsegae នឹងវិនិយោគភាគហ៊ុន ១០០ភាគរយរបស់ខ្លួនទៅក្នុង Gmarket ដែលជាវេទិការពាណិជ្ជកម្មរបស់ខ្លួន។

គួរជម្រាបថា គោលបំណងចម្បងនៃភាពជាដៃគូនេះ គឺដើម្បីបង្កើនវត្តមានរបស់ Gmarket នៅក្នុងទីផ្សារពិភពលោកដោយប្រើប្រាស់បណ្តាញពាណិជ្ជកម្មអេឡិចត្រូនិកអន្តរជាតិដ៏ទូលំទូលាយរបស់ Alibaba។ ស្របពេលដែល Gmarket កំពុងប្រឈមមុខនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងពីក្រុមហ៊ុនយក្សក្នុងស្រុកដូចជា Coupang និង Naver ក៏ដូចជាអ្នកលេងអន្តរជាតិ Temu និង AliExpress ជាដើម៕