(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានផ្ដល់អនុសាសន៍ ៥ចំណុច ដល់មន្ដ្រីថ្នាក់ដឹកនាំកីឡាកាយសម្ព័ន្ធ ត្រូវផ្ដោតការយកចិត្តទុកដាក់បន្ថែម ដើម្បីសម្រួចការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកនេះឲ្យមានការរីកចម្រើន ទាំងបរិមាណ និងគុណភាព ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ។

ការណែនាំនេះ ធ្វើឡើងក្នុងឱកាសលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៨ ប្រចាំឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៧ ខែធ្នូនេះ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៦ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិ(អូឡាំពិក) ដោយមានកីឡាករ-កីឡាការិនី ៦៤រូប មកពី ៨ក្លិប-រាជធានី/ខេត្ត ព្រមទាំងប្រតិភូ ថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេស ៣៣នាក់ និងមន្ដ្រីស្ម័គ្រចិត្តចំនួន ១៣នាក់ផងដែរ ។

លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះភាពជោគជ័យ នៃការប្រកួតប្រចាំឆ្នាំខាងលើ ដោយលោកបានចាត់ទុក នេះគឺជាការវាស់ស្ទង់ សមត្ថភាព បច្ចេកទេសទេពកោសល្យ សម្រាប់កីឡាករ-កីឡាការិនីម្នាក់ៗ ដែលខិតខំប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ ជយលាភីរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ តស៊ូព្យាយាម គោរពវិន័យ និងយកចិត្តទុកដាក់ស្តាប់ការពន្យល់ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ជាមួយការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំសហព័ន្ធ រួមជាមួយមន្ដ្រីបច្ចេកទេសជាដើម ។

លោកទេសរដ្ឋមន្ដ្រីបន្ដថា «ខ្ញុំសូមលើកទឹកចិត្តឲ្យសហព័ន្ធកាយសម្ព័ន្ធកម្ពុជា ខិតខំដកស្រង់បទពិសោធន៍បច្ចេកទេស ពីរាល់ការប្រកួតជាលក្ខណៈអន្តរជាតិ និងបង្កើនសមត្ថភាពដល់ចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីយកចំណេះដឹង និងបទពិសោធន៍ទាំងនេះមកបង្ហាត់បង្រៀនដល់កីឡាករ-កីឡាការិនីយើងឲ្យមានសមត្ថភាពកម្រិតខ្ពស់ ដើម្បីឆ្ពោះទៅរកមេដាយជូនជាតិមាតុភូមិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ និងឆ្ពោះទៅកាន់កីឡាអាស៊ីយុវជនឆ្នាំ២០២៩ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ»

ឆ្លៀតឱកាសនោះ ដើម្បីឲ្យប្រភេទកីឡាកាយសម្ព័ន្ធកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពកម្រិតខ្ពស់ ទទួលបានលទ្ធផលល្អ ក្នុងការចូលរួមការប្រកួតលើឆាកអន្ដរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ ដែលសល់រយៈពេល ១ឆ្នាំទៀត និងកីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៤ ដែលសល់រយៈពេល ៥ឆ្នាំទៀត លោកបណ្ឌិត ថោង ខុន បានផ្ដល់អនុសាសន៍មួយចំនួន ដល់មួយចំនួនដល់សហព័ន្ធ ដូចខាងក្រោម៖

១.បណ្តុះបណ្តាលកីឡាករ-កីឡាការិនីថ្នាលតាមកម្រិតអាយុ និងបញ្ជូនទៅហាត់ហ្វឹកហ្វឺននៅក្រៅប្រទេស ក្នុងន័យបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសកម្រិតខ្ពស់(High Performance)។
២.ពង្រឹងសមត្ថភាព ចៅក្រម មន្រ្តីបច្ចេកទេស គ្រូបង្វឹក គ្រូជំនួយឲ្យកាន់តែល្អប្រសើទាំងបរិមាណ និងគុណភាព។
៣.ជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាសមាគម/ក្លិប ។
៤.ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធ សមាគម/ក្លិប ដែលមានរួចមកហើយឲ្យបានរឹងមាំ និងស្វែងរកដៃគូរអភិវឌ្ឍបន្ថែមទៀត។
៥.ជំរុញឲ្យមានការចូលរួមប្រកួតជាលក្ខណៈអន្តរជាតិឲ្យបានច្រើនជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ ការប្រកួតជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ ដោយកីឡាករ-កីឡាការិនីចូលរួមប្រកួតទាំងអស់ មានការកើនឡើងផ្នែកគុណផលបច្ចេកទេសបានល្អ បើធៀបកាលពីឆ្នាំ២០២៣ ពិសេសឆ្នាំនេះ សហព័ន្ធបានសហការជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការអភិវឌ្ឍន៍កីឡាជំនាញនេះ ឆ្ពោះទៅឆ្នាំ២០២៥-២០២៩ ។

ចំពោះលទ្ធផលបច្ចេកទេសក្រោយឆ្លងកាត់ការប្រកួជិត ១សប្ដាហ៍កន្លងមក សម្រាប់សមាគម/ក្លិបដណ្ដើមបានមេដាយច្រើនជាងគេ រួមមានក្រសួងមហាផ្ទៃ ឈរលេខ១ ឈ្នះមេដាយមាស ៥ និងប្រាក់ ៧ សរុប ១២គ្រឿង, ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយមាស ៣ ប្រាក់ ៣ និងសំរឹទ្ធ ២ សរុប ៨គ្រឿង, ខេត្តកំពង់ឆ្នាំង ឈរលេខ៣ ឈ្នះមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ៥ សរុប ៩គ្រឿង និងខេត្តក្រចេះ ឈ្នះមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ៦ សរុប ១០គ្រឿង ៕