(ឡុងដ៍)៖ ខ្សែបម្រើ Kai Havertz ជាអ្នករកបានតែ ១គ្រាប់ជ័យជម្នះរបស់កាំភ្លើងធំ Arsenal ទៅលើភ្ញៀវ Ipswich Town ១-០ នាយប់មិញនេះ ដើម្បីជួយក្រុមរបស់លោក Mikel Arteta ឡើងទៅឈរលេខរៀងទី២ ក្នុង Premier League ជាបណ្តោះអាសន្នវិញ។
៣ពិន្ទុដ៏សំខាន់ក្នុងកីឡដ្ឋាន Emirates នេះដែរ បានធ្វើឱ្យកាំភ្លើងធំរកបាន ៣៦ពិន្ទុ រុញតោខៀវ Chelsea ដែលមាន ៣៥ពិន្ទុធ្លាក់មកឈរនៅលេខ៣ វិញ ក្រោយឆ្លងកាត់បាន ១៨ប្រកួតដូចគ្នា ក្នុងនាមអតីតជើងឯកលីគកំពូលអង់គ្លេស Premier League ចុងក្រោយកាលឆ្នាំ២០០៣-០៤ ជាមួយនឹងកំណត់ត្រាមាសលេង ៣៨ប្រកួតមិនចាញ់ឡើយ។
តាមរយៈជ័យជម្នះនេះ Arsenal ក៏បានបន្ថយការនាំមុខមកនៅត្រឹម ៦ពិន្ទុពីក្រុមកំពូលតារាង ហង្សក្រហម Liverpool ទោះបីក្រុមរបស់លោក Arne Slot នៅសល់ ១ប្រកួតក្នុងដៃ។
Arsenal ជាក្រុមតែមួយគត់នៅ Premier League ដែលនៅតែលេងមិនចាញ់ក្នុងដីរបស់ពួកគេ នៅពេលបញ្ចប់ឆ្នាំ២០២៤ គ្រាដែលក្រុមទើបឡើងថ្មី Ipswich កំពុងឈរនៅលេខ២ រាប់ពីក្រោម និងដាច់ ៣ពិន្ទុផងដែរពីតំបន់មានសុវត្ថិភាព៕