(បរទេស)៖ ក្រសួងពាណិជ្ជកម្មវៀតណាម បានប្រកាសថានឹងដាក់ពន្ធគយប្រឆាំងនឹងការលក់បង្ខូចថ្លៃចំនួន ៩៧ភាគរយលើប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលនាំចូលពីប្រទេសចិន (ឬហៅថា ទួប៊ីនខ្យល់/Wind Power) ដែល​ជា​វិធានការ​មួយ​នឹង​មាន​ប្រសិទ្ធភាព​រយៈពេល ៥ ឆ្នាំ។ សេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតរយៈពេល ១៥ ខែដែលសន្និដ្ឋានថាក្រុមហ៊ុនផលិតរបស់ចិនបានលក់ផលិតផលទាំងនេះក្នុងតម្លៃទាបជាងតម្លៃទីផ្សារយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ផលិតករក្នុងស្រុក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែធ្នូ​ ឆ្នាំ២០២៤។

តាមរយៈសេចក្តីថ្លែងការណ៍មួយដែលចុះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្មវៀតណាមបាននិយាយថា ពន្ធគយនេះនឹងចូលជាធរមានបន្ទាប់ពីរយៈពេល ១៥ថ្ងៃចាប់ពីថ្ងៃចុះហត្ថលេខា។ ទាក់ទិននឹងបញ្ហានេះបានកើតឡើងនៅខែកញ្ញា ឆ្នាំ២០២៣ ខណៈពេលនោះរដ្ឋាភិបាលវៀតណាមបានបើកការស៊ើបអង្កេតលើវិស័យនេះ ក្រោយក្រុមហ៊ុនផលិតនៅក្នុងប្រទេសវៀតណាមបានអះអាងថា ការលក់បង្ខូចថ្លៃនូវប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់ដែលមានដើមកំណើតពីប្រទេសចិនបានបណ្តាលឱ្យមាន «ការខូចខាតយ៉ាងខ្លាំង» ដល់ពួកគេ។

គួរជម្រាបថា វិធានការនេះនឹងអនុវត្តលើក្រុមហ៊ុនចិនស្ទើរតែទាំងអស់​ ដោយមានករណីលើកលែងសម្រាប់ក្រុមហ៊ុន Jiangsu Zhenjiang New Energy Equipment Co., Ltd ដែលវាមិនត្រូវបានរកឃើញថាមានការលក់បង្ខូចថ្លៃក្នុងអំឡុងពេលស៊ើបអង្កេត។ នេះបើតាមការគូសបញ្ជាក់ពីក្រសួងពាណិជ្ជកម្មវៀតណាម​ នឹងបានសន្និដ្ឋានថា ក្រុមហ៊ុនផលិតក្នុងស្រុកមានសមត្ថភាពផលិតប៉មផលិតអគ្គិសនីដើរដោយកម្លាំងខ្យល់គុណភាពខ្ពស់ដែលអាចនាំចេញបាន៕