(ភ្នំពេញ)៖ ក្រោយការបញ្ចេញបទចម្រៀងមនោសញ្ចេតនាផ្ទួនៗគ្នា នៅក្នុងផលិតកម្ម Galaxy Navatra កាន់តែធ្វើកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង ខេមរៈ សិរីមន្ត ល្បីខ្ទរខ្ទារឡើង។ ជាក់ស្តែង ក្រោយពីទទួលបានពានរង្វាន់ពីក្រៅប្រទេសហើយ បទចម្រៀង២ បទរបស់លោក ក៏បានជាប់ភាពពេញនិយម (Trending) លេខ១ និងលេខ២ លើយូធូប (YouTube) នៅក្នុងសប្តាហ៍នេះ។
បទចម្រៀង «ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ» និងបទចម្រៀង «គេងលើភ្លើង» របស់តារាចម្រៀង ខេមរៈ សិរីមន្ត ពិតជាពីរោះរណ្តំចិត្ត និងត្រូវចិត្តអ្នកគាំទ្រណាស់ រហូតមានអ្នកចូលទស្សនារាប់លានដង ក្នុងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយសារតែបទចម្រៀងនេះផលិតឡើងយ៉ាងសម្រិតសម្រាំងទាំងសាច់ភ្លេង និងអត្ថន័យនៃបទចម្រៀង ជាពិសេសតារាចម្រៀង ខេមរៈ សិរីមន្ត ខកខានក្នុងការចេញបទចម្រៀងបទនេះយូរមកហើយ។
ជាមួយនឹងការផ្ទុះកក្រើកជាថ្មីនេះ តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍រីករាយថា «រឿងល្អៗកើតឡើងច្រើនណាស់ចុងឆ្នាំនេះ សម្រាប់ក្រុមហ៊ុនយើង បទចម្រៀងរបស់ខ្ញុំពីរបទ ដូចជាបទ «ឆ្លងឆ្នាំថ្មីសល់អ្វីខ្លះ» ជាប់ត្រេនឌីងលេខ១ និងបទ «គេងលើភ្លេង» ទើបតែចេញនេះ ជាប់ត្រេនឌីងលេខ២ នៅលើគេបំផុត លើតារាងយូធូប ក្នុងខែនេះ ពិតជាអស្ចារ្យ មោទនភាពណាស់បងសម្រាប់ក្រុមហ៊ុនយើង»។
គួររម្លឹកផងដែរ កាលពីប៉ុន្មានថ្ងៃមុន តារាចម្រៀង ខេមរៈ សិរីមន្ត ទើបតែទទួលបានពានរង្វាន់ពីកម្មវិធីល្បីមួយនៅក្រៅប្រទេស រហូតត្រូវសារព័ត៌មានដ៏ល្បីមួយនៅប្រទេសថៃផ្សព្វផ្សាយពីលោកផងដែរ ហើយនេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជា។
លោក ខេមរៈ សិរីមន្ត ថែមទាំងបាននិយាយថា «ពួកយើងនឹងខិតខំបើកផ្លូវដល់ប្អូនៗជំនាន់ក្រោយបន្តទៀត ដើម្បីសិល្បៈចម្រៀងខ្មែរ ឆ្ពោះទៅកាន់ឆាកអន្តរជាតិបន្តទៀត ដោយក្តីគោរពនិងស្រឡាញ់បំផុត»៕