(ហាណូយ)៖ ការបរាជ័យ ២-០ ក្រោមថ្វីជើងរបស់វៀតណាមកាលពីជើងទី១ នៃវគ្គ ៤ក្រុម ញាំងឱ្យសិង្ហបុរីត្រូវតែខិតខំរកឱ្យបានច្រើនគ្រាប់នារាត្រីថ្ងៃអាទិត្យ ទី២៩ ខែធ្នូនេះ ដើម្បីប្រជែងកៅអីឡើងផ្តាច់ព្រ័ត្រពាន ASEAN Mitsubishi Eletric Cup 2024។

សិង្ហបុរី អតីតជើងឯកពាន ២ឆ្នាំម្តងចំនួន ៤សម័យ ដ្បិតគូប្រជែងម្ចាស់ផ្ទះវៀតណាមធ្លាប់ឈ្នះតែ ២ដងនោះ ត្រូវរកឱ្យបាន ២គ្រាប់ជ័យជម្នះ ប្រសិនបើពួកគេចង់ឡើងវគ្គផ្តាច់ព្រ័ត្រជាលើកទី៥។

ក៏ប៉ុន្តែដោយផ្អែកតាមប្រវត្តិជួបគ្នា ១៣លើកក្នុងទឹកដីវៀតណាម សិង្ហបុរីពុំទាន់លេងឈ្នះវៀតណាមម្តងណាឡើយ អស់ណាស់ត្រឹមស្មើតែប៉ុណ្ណោះ ពីប្រវត្តិធ្លាប់ជួបគ្នាសរុប ២១លើក ក្នុងនោះឈ្នះ ៤លើក ស្មើ ៩លើក និងចាញ់ ៨លើក។

ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន សិង្ហបុរីឈ្នះជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះចុងក្រោយកាលឆ្នាំ២០១២ ជាក្រុមលេខ២ ចេញពីពូល A ជាមួយក្រុមការពារតំណែងជើងឯកថៃ ដែលត្រូវប៉ះក្រុមកំពូលតារាងពូល B វៀតណាម ដែលពួកគេចាញ់ ២-០ កាលពីថ្ងៃទី២៦ ខែធ្នូសម្រាប់ជើងទី១ នៃវគ្គ ៤ក្រុមចុងក្រោយ មុនពេលហ្វីលីពីន លេងឈ្នះភ្ញៀវដំរីសឹកថៃ ២-១៕