(ភ្នំពេញ)៖ សង្រ្គាម បានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុងលើគ្រប់វិស័យ ហេដ្ឋារចនាសម័្ពន្ធនានា និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅយ៉ាងវេទនា ព្រមទាំងបែកបាក់គ្រួសារ។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ កម្ពុជាធ្លាប់បានឆ្លងកាត់សង្រ្គាមស៊ីវិលដែលបានធ្វើឱ្យប្រជាពលរដ្ឋសឹងតែទាំងអស់មានជីវភាពធ្លាក់ដល់ចំណុចសូន្យ ។ ក្រោយថ្ងៃរំដោះទី០៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទ្បើងវិញ រហូតដល់មានសុខសន្តិភាពមកដល់ពេលបច្ចុប្បន្ននេះ ។ ដើម្បីរក្សាបាននូវសេចក្តីសុខ និងសន្តិភាព ជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងបង្ការ និងទប់ស្កាត់សកម្មភាពចលាចល ដែលអាចប៉ះពាល់ដល់សង្គមជាតិ ហេតុនេះហើយ ទើបក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បញ្ញត្តអំពី បទឧបឃាត និងបទរួមគំនិតក្បត់ ។

តើបទល្មើសទាំងពីរខាងលើនេះ ត្រូវបានក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវនិយមន័យយ៉ាងដូចម្ដេច ?ហើយបុគ្គលដែលបានប្រព្រឹត្តនូវបទល្មើសខាងលើនេះ ត្រូវបានផ្តន្ទាទោសកម្រិតណា ?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «បទឧបឃាត និងបទរួមគំនិតក្បត់» មកធ្វើការបង្ហាញជូនសាធារណជន សិស្ស និងនិសិ្សតទាំងអស់គ្នា ដូចខាងក្រោម។

បទឧបឃាត មានកំណត់នៅក្នុងមាត្រា ៤៥១ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានផ្តល់និយមន័យថា៖ ឧបឃាត គឺជាការប្រព្រឹត្តអំពើហិង្សាមួយ ឬច្រើន ក្នុងគោលបំណងបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬ នាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ ។ បទឧបឃាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ ។ ជាមួយគ្នានេះ ពាក់ព័ន្ធនឹងស្ថានទម្ងន់ទោសដែលទាក់ទងនឹងជនល្មើស យោងតាមមាត្រា ៤៥២ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា៖ បទឧបឃាត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត កាលបើអំពើនេះត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ ។

ដោយទ្បែក ចំពោះបទរួមគំនិតក្បត់ យោងតាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា៖ អំពើរួមគំនិតក្បត់ គឺជាគម្រោងដែលបង្កើតឡើងដោយមនុស្សច្រើននាក់ដើម្បីប្រព្រឹត្តឧបឃាត កាលបើគម្រោងនេះ ត្រូវបានសម្ដែងចេញជារូបរាងច្បាស់លាស់ ដោយអំពើជាក់ស្ដែងមួយ ឬច្រើន ។ ការរួមគំនិតក្បត់ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ (ដប់) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ប្រសិនបើបទល្មើសនេះ ត្រូវបានប្រព្រឹត្តដោយអ្នករាជការសាធារណៈ ។

គួរបញ្ជាក់ផងដែរ ថ្វីបើក្រមព្រហ្មទណ្ឌ ធ្វើការផ្ដន្ទាទោសទៅលើបុគ្គលដែលបានប្រព្រឹត្តអំពើរួមគំនិតក្បត់យ៉ាងធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែប្រសិនបើមុនការចោទប្រកាន់ បុគ្គលនោះបានបង្ហាញប្រាប់ដល់អាជ្ញាធរមានសមត្ថកិច្ច ពីអត្ថិភាពនៃអំពើនោះ ហើយបាននាំឱ្យស្គាល់អត្តសញ្ញាណនៃអ្នកចូលរួមដទៃទៀត បុគ្គលនោះនឹងត្រូវបានលើកលែងឱ្យរួចផុតពីការទទួលទោស នេះបើយោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។

សរុបមក បទឧបឃាត និងបទរួមគំនិតក្បត់ គឺជាបទឧក្រិដ្ឋដែលត្រូវបានក្រមព្រហ្មទណ្ឌបញ្ញត្តនិងផ្តន្ទាទោសយ៉ាងតឹងរ៉ឹងចំពោះអំពើទាំងនោះ ព្រោះវាបានបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ឬនាំឱ្យមានការប៉ះពាល់ដល់បូរណភាពនៃដែនដីជាតិ ។  

រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងលោក រៀម គីមឡេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិមានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៉ីម៉ែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖Cambodia International Cooperation Law Firm៕