(ភ្នំពេញ)៖ នាល្ងាចថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានដឹកនាំសិល្បករ-សិល្បការិនីប្រមាណ១០០នាក់ ចូលរួមទស្សនាការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវារំឭកដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅពហុកីឡដ្ឋានមរតកតេជោ នៅក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» មានការប្រកួតរវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ជាមួយក្រុមបាល់ទាត់គុណខ្មែរ និងមួយគូទៀត រវាងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់ សហភាព សហព័ន្ធយុវជនកម្ពុជា។ ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា មានការចូលរួមទាត់ពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ដោយផ្ទាល់មានដូចជា លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី, ឧបនាយករដ្ឋមន្ត្រី ស សុខា, ឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ផងដែរ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនះសម្តេចពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា ២៩ ធ្នូ» ដែលនេះជាលើកដំបូង ដែលយើងបានជួបជុំគ្នា ប្រារព្ធពិធីនេះឡើង បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចកាលពីខែមករា ឆ្នាំ២០២៤ កន្លងទៅ, ដោយកំណត់ជាផ្លូវការយកថ្ងៃទី២៩ ខែធ្នូ រៀងរាល់ឆ្នាំជា «ទិវាសន្ដិភាពនៅកម្ពុជា»
សម្តេចបវរធិបតីបានបន្តថា សម្តេចពិតជាមានសេចក្តីរំភើបដោយបានឃើញវត្តមានចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ បងប្អូនជនរួមជាតិជាទស្សនិកជន ក៏ដូចជា ក្រុមកីឡាករទាំងបួនក្រុម ដែលជាតំណាងចូលរួមពីគ្រប់វិស័យ ដោយមានទាំងក្រុមយុវជន ស.ស.យ.ក, ក្រុមបាល់ទាត់តារាកម្ពុជា និង ក្រុមបាល់ទាត់គុនខ្មែរ ដែលបានឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស ឱ្យឃើញពីស្មារតីស្រឡាញ់កីឡា និងការចូលរួមថែរក្សាសន្តិភាព, ហើយនេះគឺបានរំលេចនូវអត្ថន័យ «កីឡារស់ក្នុងសន្តិភាព»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា បរិយាកាសដ៏អធិកអធម ជាមួយនឹងស្នាមញញឹមរបស់បងប្អូនជនរួមជាតិយើង នៅក្នុងពហុកីឡដ្ឋានមរតកតេជោនាឱកាសនេះ បានទាញអារម្មណ៍សម្តេច ឱ្យត្រឡប់ទៅរកអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន, នៅពេលដែលកម្ពុជាយើងបានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលទទួលបានជោគជ័យជាមហិមា និងការកោតសរសើរស្ញប់ស្ញែងពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ក្នុងនោះសម្តេចធិបតី ក៏បានថ្លែងសង្កត់ធ្ងន់ថា ពិតណាស់ជោគជ័យរបស់កម្ពុជាក្នុងព្រឹត្តិការណ៍កីឡាទាំងនេះ ពុំមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែគឺអាស្រ័យដោយកត្តាចម្បងធំបំផុត គឺសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលយើងសម្រេច និងថែរក្សាបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត រំឭកប្រសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានលើកឡើងថា យុវជនខ្មែរសម័យនេះសំណាង ដែលអាចសប្បាយរីករាយក្នុងសន្តិភាព ខណៈដែលវេលាដូចគ្នានេះយុវជននៅកម្ពុជាកំពុងលេងកីឡាយ៉ាងសប្បាយរីករាយ ចំណែកយុវជននៅប្រទេសមួយចំនួនដូចជាអ៊ុយក្រែន កំពុងភិតភ័យជាមួយនឹងសង្ក្គ្រាម៕