(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍ចិនមួយឈ្មោះថា Space Transportation បានសាកល្បងដោយជោគជ័យនូវម៉ាស៊ីនយន្តហោះថ្មី ដែលអាចហោះហើររវាងទីក្រុងប៉េកាំង និងញូវយ៉កក្នុងរយៈពេលត្រឹមតែពីរម៉ោងប៉ុណ្ណោះ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ម៉ាស៊ីនយន្តហោះថ្មីនោះជាប្រភេទ ramjetដែលជាម៉ាស៊ីនយន្តហោះប្រើខ្យល់សម្រាប់ចំហេះ និងមានប្រសិទ្ធភាពបំផុតក្នុងល្បឿនល្បឿនឥតគណនា ហើយតាមរយៈការសាកល្បងគឺទទួលបានក្នុងកម្រិត Mach 4 ឬ M4 (ល្បឿនលឿនជាងសំឡេង ៤ដង) ក្នុងល្បឿន ៣១០៦ ម៉ាយក្នុងមួយម៉ោង ក្នុងរយៈកម្ពស់ជាង ៦៥៦០០ហ្វីត។
ម៉ាស៊ីនថ្មីនេះត្រូវបានបង្កើតឡើងសម្រាប់យន្តហោះ JinDou400 ហើយចំពោះបច្ចេកទេសក្នុងការផលិតម៉ាស៊ីនវិញគឺត្រូវបានរចនា និងបង្កើតឡើងដោយសាកលវិទ្យាល័យ Tsinghua ដោយបានបញ្ចូលនូវបច្ចេកវិទ្យា ramjet ដើម្បីជួយរុញច្រានយន្តហោះឱ្យមានល្បឿនលឿន និងប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺបានបន្ថយនូវទំហំម៉ាស៊ីន ដែលវាក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការបង្កើនល្បឿនយន្តហោះផងដែរ។
ការសាកល្បងជោគជ័យរបស់ Space Transportation គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍យន្តហោះស៊ីវិលល្បឿនលឿន Yunxing ជាមួយនឹងការហោះហើរគំរូក្នុងខែតុលា ដែលបញ្ជាក់ពីភាពត្រឹមត្រូវនៃបច្ចេកវិទ្យាសំខាន់ៗដូចជាប្រព័ន្ធគ្រប់គ្រង និងធន់នឹងកំដៅ ដែលធ្វើឲ្យក្រុមហ៊ុនកាន់តែខិតទៅជិតសមត្ថភាពធ្វើដំណើរលឿនជាងសំឡេង៕