(បរទេស)៖ របាយការណ៍ថ្មីៗនេះបង្ហាញថា បន្ទះឈីប Snapdragon 8 Elite SoC ជំនាន់ថ្មីរបស់ Qualcomm អាចនឹងបង្ហាញខ្លួនលឿនជាងការរំពឹងទុក។ ពោលគឺអ្នកស្នងតំណែងថ្មីនេះ អាចនឹងមកដល់នៅដើមឆ្នាំ២០២៥ ដែលជាការផ្លាស់ប្តូរដ៏សំខាន់នៃកាលវិភាគប្រកាសចេញរបស់ Qualcomm ដែលជាទូទៅប្រព្រឹត្តិឡើងក្នុងអំឡុងពាក់កណ្តាលឆ្នាំ។ នេះបើយោងតាមការលេចធ្លាយពី Digital Chat Station នៅលើ Weibo និងត្រូវបានចុះផ្សាយដោយ GMSArena។

បន្ទះឈីបជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងផ្តល់លក្ខណៈពិសេសបានច្រើនជាងម៉ូដែលមុន ជាពិសេសទៅលើដំណើរការ GPU និងប្រើប្រាស់បច្ចេកវិទ្យា 3nm (ណាណូម៉ែត្រ) កម្រិតខ្ពស់របស់ TSMC។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងធ្វើឱ្យប្រសើរឡើងទាំងប្រសិទ្ធិភាពថាមពល និងលេងហ្គេមបាន smooth ផងដែរ។

គួរជម្រាបថា ជុំវិញពេលវេលាប្រកាសចេញជាក់លាក់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏លេចធ្លោរនេះ នៅមិនទាន់បង្ហើបឱ្យដឹងនៅឡើយនោះទេ ខណៈរបាយការណ៍នេះគ្រាន់តែជាដំណឹងលេចធ្លាយតែប៉ុណ្ណោះ។ តែយ៉ាងណា ការចេញលក់នៅលើទីផ្សារមុនពេលវេលាកំណត់នេះ ត្រូវបានជឿថាវានឹងផ្តល់ឱ្យ Qualcomm នូវការប្រកួតប្រជែងនៅក្នុងទីផ្សារបន្ទះឈីបទូរស័ព្ទចល័ត ជាពិសេសមានពេលច្រើនយកឈ្នះគូប្រជែងដូចជា MediaTek និង Apple ដែលកំពុងជំរុញបច្ចេកវិទ្យារបស់ពួកគេ៕