(បាងកក)៖ ក្រុមបាល់ទាត់ជម្រើសជាតថៃ បានបន្តដំណើរទៅការពារតំណែងជើងពានអាស៊ាន ASEAN Mitsubishi Eletric Cup 2024 ដោយត្រូវប៉ះវៀតណាម នៃវគ្គផ្តាច់ព្រ័ត្រសម្រាប់ឆ្នាំខាងមុខ។
ថៃ អតីតជើងឯកពាន AFF Cup កាលឆ្នាំ២០២២ បានទម្លាក់គូប្រជែងហ្វីលីពីន ៣-១ ក្នុងដីរបស់ខ្លួននៅរាត្រីថ្ងៃចន្ទយប់មិញ ប្រកបដោយភាពតានតឹងបំផុត ពោលគឺបានអូសបន្លាយលេងថែមម៉ោង ១៥នាទី ២ដង ដ្បិតបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-១ នៃម៉ោងធម្មតា ៩០នាទីដូចកាលជើងទី១ នៅទឹកដីហ្វីលីពីនសម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដំរីសឹកថៃ ដែលបានយកឈ្នះគោព្រៃកម្ពុជា ត្រឹមតែ ៣-២ កាលវគ្គសន្សំពិន្ទុចុងក្រោយនៃពូល A នោះ បានបើកការនាំមុខហ្វីលីពីន ២-០ មុនពេលភ្ញៀវពុំដែលឡើងវគ្គផ្តាច់ព្រ័ត្រតាមបាន ១គ្រាប់វិញចុងម៉ោង ដែលធ្វើឱ្យការប្រកួតថែម ១៥នាទី ២ដងកើតមានឡើង ដែលអតីតម្ចាស់ជើងឯក ៧សម័យច្រើនជាងគេ ធ្វើបានគ្រាប់ទី៣ នៅខ្វះ ៤នាទីដល់ម៉ោងបញ្ចប់។
ថៃ នឹងត្រូវធ្វើដំណើរទៅទឹកដីវៀតណាម អតីតជើងឯក ២សម័យ ដើម្បីប្រកួតវគ្គដណ្តើមពានជើង សម្រាប់ជើងទី១ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ មុន ៣ថ្ងៃបន្ទាប់ធ្វើនៅទឹកដីរបស់ខ្លួនវិញ ស្របពេលព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះ ពុំមានប្រកួតយកចំណាត់ថ្នាក់លេខ៣ ឡើយ៕