(មេនឆេស្ទើ)៖ Newcastle United បានលេងឈ្នះម្ចាស់ផ្ទះ Manchester United ២ទល់នឹង០ នាយប់មិញ ជាកំណត់ត្រាជ័យជម្នះត្រឹមតែ ២លើកប៉ុណ្ណោះនៅកីឡដ្ឋាន Old Trafford ក្នុងលីគគិតចាប់តាំងពីឆ្នាំ១៩៧២ មក។
ពីគេហទំព័រកីឡា BBC ក៏បានចេញផ្សាយនៅថ្ងៃនេះផងថា តាមរយៈជ័យជម្នះនេះដែរ វាក៏ធ្វើឱ្យបិសាចក្រហមលេងចាញ់ ៣ប្រកួតជាប់ៗគ្នារបស់ពួកគេជាលើកដំបូងទៀតផង ក្នុងរយៈពេល ៤៥ឆ្នាំ។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត Alexander Isak បានតែតបញ្ចូលទីគ្រាប់បើកឆាក ក្រោយពេលទើបចាប់ផ្តើមលេងបានតែ ៤នាទីប៉ុណ្ណោះនៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៧ម៉ឺននាក់ នៅមុនពេលមិត្តរួមក្រុម Joelinton ជាអ្នកធ្វើបានសម្រេចគ្រាប់ទី២ នៅរយៈពេល ១៥នាទីបន្ទាប់។
តាមរយៈ ៣ពិន្ទុក្រៅដីដោយស្រួលនេះដែរ បានធ្វើឱ្យសារិកាព្រៃរបស់លោក Eddie Howe បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ ក្នុងតំបន់កៅអីអឺរ៉ុប ពីលីគកំពូលអង់គ្លេស Premier League នៅថ្ងៃបិទបញ្ចប់ឆ្នាំ២០២៤ ជើងទី១ របស់ពួកគេ ដ្បិតបិសាចក្រហមធ្លាក់ដល់លេខរៀងទី១៤ ជាបណ្តោះអាសន្ន ជាមួយនឹង ២២ពិន្ទុប៉ុណ្ណោះ៕