(បរទេស)៖ ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) លោក He Xiaopeng បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោក Xpeng នឹងជួលកម្មករជាង ៦,០០០នាក់ក្នុងឆ្នាំ២០២៥ ខាងមុខ។ ប្រកាសនេះ បង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងវិស័យរថយន្តអគ្គិសនីប្រទេសចិន ស្របពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សស្ទើរតែជុំវិញពិភពលោកកំពុងនាំគ្នាបញ្ឈប់បុគ្គលិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
Xpeng គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ហើយក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ បន្ទាប់ពី BYD។ ជុំវិញការសម្រេចចិត្តថ្មីៗនេះ លោក Xiaopeng បានរំពឹងថាការប្រកួតប្រជែងទីផ្សារនឹងកាន់តែខ្លាំងនៅក្នុងឆ្នាំ២០២៥ ជាពិសេសការប្រកួតប្រជែងតម្លៃ ហើយអាចនឹងចាប់ផ្តើមក្នុងពេលដ៏ខ្លីមែនទែន ពោលគឺអំឡុងខែមករាខាងមុខ។ នេះបើយោងតាមលិខិតផ្ទៃក្នុងដែលត្រូវបានពិនិត្យដោយ Reuters។
គួរជម្រាបថា បច្ចុប្បន្ននេះក្រុមហ៊ុន Xpeng កំពុងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ចំនួន ៣០ ហើយមានបំណងពង្រីកវត្តមានសកលរបស់ខ្លួនទៅកាន់ទីផ្សារជាង ៦០ នៅចុងឆ្នាំ២០២៥។ បន្ថែមពីនេះ Xpeng កំពុងដាក់ទីតាំងខ្លួនក្នុងការពង្រឹងកម្លាំងការងារកាន់តែខ្លាំងជាងមុន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រកំណើនប្រកបដោយមហិច្ឆិតានេះ៕