(បរទេស)៖ យោងតាមឯកសារបទបញ្ញត្តិមួយនៅថ្ងៃអង្គារសប្តាហ៍នេះ បាន​ឱ្យដឹងថាក្រុមហ៊ុន Samsung Electronics បានក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ក្រុមហ៊ុនផលិតមនុស្សយន្ត Rainbow Robotics របស់កូរ៉េខាងត្បូង ដោយបានបង្កើនភាគហ៊ុនរបស់ខ្លួនពី ១៤.៧% ទៅ ៣៥%។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

នៅក្នុងឯកសារនោះបានគូសបញ្ជាក់ថា ទំហំនៃការវិនិយោគរបស់ Samsung Electronics នាពេលនេះមានចំនួន ២៦៧ពាន់លានវ៉ុន (ប្រហែល ១៨១ លានដុល្លារ)។ បន្ថែមពីនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Rainbow Robotics ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀតថា ជាមួយនឹងការទិញយកភាគហ៊ុនដ៏ធំជាងគេនេះ ក្រុមហ៊ុន​ Samsung ក៏មានគម្រោងបង្កើតការិយាល័យរ៉ូបូតនាពេលអនាគតផងដែរ។

គួរជម្រាបថា មុនឈានដល់កិច្ចព្រមព្រៀងនេះ Samsung Electronics គឺជាម្ចាស់ភាគហ៊ុនធំទីពីររបស់ Rainbow Robotics ដែលមានភាគហ៊ុនក្នុងដៃ ១៤.៧ភាគរយ ឬប្រហែល ២.៨៥លានភាគហ៊ុន។ Rainbow Robotics គឺជាក្រុមហ៊ុនផលិតមនុស្សយន្តរបស់កូរ៉េខាងត្បូងដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយក្រុមអ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលស្រាវជ្រាវមនុស្សយន្ត KAIST Humanoid (HUBO Lab)។ ក្រុមហ៊ុននេះមានឯកទេសក្នុងការអភិវឌ្ឍន៍ និងផលិតនូវប្រព័ន្ធមនុស្សយន្តផ្សេងៗ រួមទាំង humanoid robots, collaborative robots (cobots), និង quadruped robots ដែលសុទ្ធសឹងតែជាមនុស្សមន្តប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ៕