(បរទេស)៖ ឈានមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ទីផ្សារទិញដូរកីឡាករចាប់ផ្តើមបើកទ្វារជាផ្លូវការហើយ ដ្បិតតារាបាល់ទាត់សំខាន់ៗមួយចំនួន ក៏ត្រៀមនឹងបន្តកិច្ចសន្យា និងស្វែងរកទ្រនំថ្មីដូចគ្នា។
តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡាក្នុងស្រុករបស់អង់គ្លេស BBC បានឱ្យដឹងថា ទីផ្សារទិញដូរកីឡាករពីបណ្តាក្លិបនៅប្រទេសនេះ ចាប់ផ្តើមបើកទ្វារចាប់ពីថ្ងៃពុធ ទី០១ ខែមករាតទៅ និងបិទទៅវិញនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយនឹងកីឡាករល្បីៗចំនួន ៥រូប បានកំពុងស្ថិតក្រោមការចរចាកិច្ចថ្មី និងអាចមានការផ្លាស់ប្តូរផងដែរ នាខែបន្ទាប់មានដូចជា៖
១៖ ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិប Manchester United មានសុពលភាពកិច្ចសន្យាចាស់រហូតដល់ខែមិថុនា ឆ្នាំ២០២៨ ស្របពេល Paris St-Germain, FC Barcelona និងក្លិបនៅ Saudi Pro-League រួមមាន Al-Ahli, Al-Ittihad និង Al-Qadsiah ចាប់អារម្មណ៍។
២៖ Trent Alexander-Arnold មានសុពលភាពកិច្ចសន្យាចាស់ជាមួយ Liverpool ដល់ខែមិថុនា ឆ្នាំ២០២៥ ដ្បិត Real Madrid និង Manchester City កំពុងចង់បាន។ Arnold ស្ថិតក្នុងចំណោមកីឡាករសំខាន់ទាំង ៣នាក់របស់ហង្សក្រហមដែលនឹងផុតកិច្ចសន្យាក្នុងរយៈពេល ៦ខែខាងមុខជាមួយ Liverpool រួមមាន Mohamed Salah និង Virgil van Dijk ផងដែរ។
៣៖ Martin Zubimendi មានសុពលភាពកិច្ចសន្យាជាមួយ Real Sociedad ដល់ខែមិថុនា ឆ្នាំ២០២៧ ដែលអាចនឹងផ្ទេរចេញផងដែរ ស្របពេល Liverpool, Arsenal, Manchester City និង FC Barcelona ចាប់អារម្មណ៍។
៤៖ Ben Chilwell មានសុពលភាពកិច្ចសន្យាជាមួយតោខៀវ Chelsea ដល់ខែមិថុនា ឆ្នាំ២០២៧ នៅពេល Juventus, Brentford, Manchester United, West Ham United និង Fenerbahce ចង់បាន។
៥៖ Matheus Cunha មានសុពលភាពកិច្ចសន្យាចាស់ជាមួយ Wolves ដល់ឆ្នាំ២០២៧ គ្រាដែលក្លិបសមាជិកលេងនៅ Premier League មានដូចជា Liverpool, Arsenal, Manchester City, Manchester United និង Newcastle United សំឡឹងចង់បាន៕