(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តចិន BYD បានបំបែកកំណត់ត្រា ដោយលក់រថយន្តថ្មីរបស់ខ្លួនបានជិត ៤.៣លានគ្រឿងនៅទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ដោយបានកើនឡើងជាង ៤១ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣។
យោងតាមរបាយការណ៍ពីគេហទំព័រព័ត៌មានរថយន្តរបស់ចិន បានបង្ហាញឱ្យដឹងថា នៅខែវិច្ឆិកា និងធ្នូកន្លងទៅនេះ សន្ទុះនៃការលក់រថយន្តរបស់ BYD បានកើនឡើងខ្លាំង ហើយបើតាមរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា BYD បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលក់រថយន្តដាច់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក រហូតដល់ ៤១៧,០០០គ្រឿង បន្ទាប់ពីក្រុមហ៊ុន Toyota និងបានរុញច្រាន Volkswagen ឱ្យទៅកាន់លេខរៀងទី៣។
នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន BYD លក់បានរថយន្តដឹកអ្នកដំណើរ (រថយន្តអគ្គិសនីប្រើថ្ម ឬ battery electric vehicles) ចំនួន ១,៧៦៤,៩៩២ គ្រឿង ដោយបានកើនឡើង ១២ភាគរយ ពីឆ្នាំ២០២៣ មានត្រឹមតែ ១.៦លានគ្រឿង។ ចំពោះរថយន្តដឹកអ្នកដំណើរប្រភេទកូនកាត់ (plug-in hybrid vehicles ឬ PHEVs) លក់បាន ២,៤៨៥,៣៧៨ គ្រឿង និងបានកើនឡើងរហូតដល់ជិត ៧៣ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ពោលគឺស្មើនឹង ៥៨,៥ភាគរយនៃរថយន្តសរុបដែលបានលក់នៅក្នុងឆ្នាំ២០២៤។
បើនិយាយពីលេខរៀងនៃការលក់វិញ ចាប់តាំងពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន BYD បានឈរនៅលេខរៀងលំដាប់ទី៤នៃក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ច្រើនជាងគេបំផុត ហើយទើបតែរបាយការណ៍ថ្មីបានបង្ហាញថា នៅពេញមួយខែវិច្ឆិកា BYD បានក្លាយក្រុមហ៊ុនផលិតរថយន្តដែលក់រថយន្តដាច់ច្រើនបំផុតលំដាប់ទី២នៅលើពិភពលោក ហើយអាចនឹងទទួលបានលេខរៀងទី៣ សរុបចេញមួយឆ្នាំ២០២៤។
BYD មិនត្រឹមតែជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់កំពូលមួយរបស់ចិនប៉ុណ្ណោះទេ ក៏ជាក្រុមហ៊ុនផ្គត់ផ្គង់ថ្មរថយន្តអគ្គិសនីធំទីពីរនៅក្នុងប្រទេសចិនផងដែរ ដែលមានអតិថិជនដូចជា Tesla, Nio និង Toyota៕