(បរទេស)៖ ថ្មីៗនេះមានពាក្យចចាមអារ៉ាមមកថា ស្មាតហ្វូនកម្រិតថវិការជំនាន់បន្ទាប់ដែលគ្រោងប្រកាសចេញនៅឆ្នាំ២០២៥ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ដែលត្រូវបានគេស្គាល់ថាជា iPhone SE អាចត្រូវបានប្តូរឈ្មោះទៅជា iPhone 16E។ ការផ្លាស់ប្តូរនេះ ត្រូវបានគេរំពឹងថា Apple មានបំណងនាំយក iPhone តម្លៃមធ្យមរបស់ខ្លួនទៅជិតនឹង iPhone តម្លៃថ្លៃ ខណៈជំនាន់ថ្មីនេះនឹងមានការប្រែប្រួលតម្លៃខ្ទង់ ៧០ដុល្លារឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។
យោងតាមការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គម X ពីគណនីមួយដែលមានឈ្មោះថា Majin Bu បានរៀបរាប់ថា iPhone 16E នឹងមានរូបរាងឌីហ្សាញស្រដៀងទៅនឹង iPhone 14 សូម្បីតែ Case ខាងក្រៅក៏មានលក្ខណៈស្រដៀងគ្នាផងដែរ។ វានឹងចេញមកជាមួយនឹងជម្រើសពីរពណ៌រួមមាន ស និងខ្មៅ នឹងបំពាក់អេក្រង់ធំជាងមុនប្រភេទ OLED ទំហំ ៦.១អ៊ីញ ហើយនឹងមានមុខងារ FaceID ជាលើកដំបូង។
គួរជម្រាបថា ពាក្យចចាមអារ៉ាមនោះក៏បានគូសបញ្ជាក់អំពីតម្លៃផងដែលដោយ iPhone 16E នឹងមានតម្លៃថ្លៃជាងមុនខ្ទង់ ៧០ដុល្លារ ពោលគឺពេលចេញលក់អាចមានតម្លៃប្រហែល ៤៩៩ដុល្លារក្នុងគ្រឿង។ មិនត្រឹមតែប៉ុណ្ណោះវានឹងមានការកែលម្អច្រើន ជាមួយនឹងការពិចារណាបំពាក់បន្ទះឈីប A18, RAM 8GB, កាមេរ៉ាក្រោយទំហំ 48MP ដែលត្រូវបានយកចេញពី iPhone 16 តម្លៃថ្លៃនាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ នេះគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ការប្រកាសជាផ្លូវការត្រូវបានគេរំពឹងថានៅក្នុងអំឡុងខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ៕