(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រៀមរៀបចំពានរង្វាន់ក្លិបបាល់ទះអន្ដរជាតិដ៏ធំមួយ នាពេលខាងមុខ ដោយគ្រោងអញ្ជើញក្លិបធំៗមកពី ៦ប្រទេសចូលរួម ដើម្បីសម្រួចគុណផលកីឡាករក្រុមបាល់ទះជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតប្រចាំតំបន់ចំនួន ២ នាឆ្នាំ២០២៥ នេះ ។ នេះបើតាមការបង្ហើបរបស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធ កាលពីថ្មីៗ ។
មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានបញ្ជាក់ថា ឆ្នាំ២០២៥ គឺជាឆ្នាំដ៏សំខាន់ ដែលក្រុមជម្រើសជាតិកម្ពុជា អាចមានកៅអីប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (SEA V.League) និងត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាចុងឆ្នាំ នៅប្រទេសថៃ ។ ហេតុនេះ កំឡុងវិស្សមកាល សហព័ន្ធមានផែនការបញ្ជូនក្លិបបាល់ទះកម្ពុជា គឺវិសាខា ទៅការពារជើងឯកពានរង្វាន់អន្ដរជាតិ Win+ Streak Volleyball Invitational Tournament នៅកោះតៃវ៉ាន់ និងត្រៀមរៀបចំពានអន្ដរជាតិដ៏ធំមួយ ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកជម្រើសជាតិតេស្ដសមត្ថភាពត្រៀមស៊ីហ្គេម ។
លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បន្ដថា «ខ្ញុំនឹងបង្កើតពានមួយ ដើម្បីឲ្យអត្តពលិកជម្រើសជាតិរបស់យើង គាត់មានឱកាសតេស្ដសមត្ថភាពមុនលេងស៊ីហ្គេម ហើយខ្ញុំគិតថា ពាននេះ នឹងកក្រើកហើយ ដោយសារយើងនឹងអញ្ជើញក្លិបមកពីបារាំង មានក្លិបគេចង់មកហើយ, ក្លិបអូស្ដ្រាលី បានធ្វើការឯកភាពគ្នា សុំកាលបរិច្ឆេទ ដើម្បីស្នើសុំទិដ្ឋាការ, ម៉ាឡេស៊ី នឹងចូលរួម ហើយក្លិបជប៉ុន ក៏កំពុងធ្វើការកំណត់នូវកាលបរិច្ឆេទ ហើយយើងក៏អាចនឹងធ្វើការអញ្ជើញក្លិបកំពូលៗថៃ ដើម្បីមកប្រឡងប្រជែងនៅកម្ពុជារបស់យើង» ។
ជុំវិញការត្រៀមរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ដែលមិនទាន់បង្ហើបពីកាលបរិច្ឆេទច្បាស់លាស់នេះដែរ លោកបានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំជឿជាក់ថា អត្តពលិកលេងតំណាងក្លិប ខ្ញុំនឹងផ្ដល់ឱកាសដល់ជម្រើសជាតិច្រើន ដើម្បីឲ្យគាត់តេស្ដសមត្ថភាពក្នុងការប្រកួតប្រជែងពានដ៏អស្ចារ្យនេះ ។ មួយវិញទៀត ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៥ ។ ជារួមការបង្កើតព្រឹត្តិការណ៍កាន់តែច្រើន គឺយើងបាននឹងកំពុងសម្រួចអត្តពលិករបស់យើងឲ្យកាន់តែខ្លាំង» ។
គួរដឹងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាបាល់ទះកម្ពុជា ពិសេសក្រុមជម្រើសជាតិ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការរៀបចំនូវសកម្មភាពប្រកួតថ្នាក់ជាតិ និងអន្ដរជាតិជាច្រើន ដែលជំរុញឲ្យក្រុមជម្រើសជាតិកម្ពុជា បើកទំព័រប្រវត្តិសាស្ដ្រឈ្នះមេដាយស៊ីហ្គេម ២លើកជាប់គ្នា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២១ (លើកមកពីរៀបចំឆ្នាំ២០២២) នៅវៀតណាម ឈ្នះមេដាយសំរឹទ្ធ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ឈ្នះមេដាយប្រាក់ ព្រមទាំងការឈ្នះពានកម្រិតអន្ដរជាតិផ្សេងៗទៀត ៕