(ឡុងដ៏)៖ ក្លិបស្ករគ្រាប់ Everton នឹងរៀបចំព្រឹត្តិការណ៍ចំនួន៣ ដើម្បីជាការសាកល្បងតេស្តកីឡដ្ឋានថ្មីរបស់ពួកគេ មុនពេលធ្វើការផ្លាស់ប្តូរទៅតាមគម្រោងក្នុងឆ្នាំនេះ ពីទីតាំងចាស់ Goodison Park, នេះបើតាមក្លិបបានឱ្យដឹងនាថ្ងៃទីព្រហស្បតិ៍ ។
ក្លិបឱ្យដឹងថា និងមានការប្រកួតមិត្តភាពរបស់ក្រុមជម្រើស U-18 និងបើកឱ្យអ្នកចូលទស្សនាបានចំនួន ១ម៉ឺននាក់ ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ហើយបន្តរៀបចំជំនួបក្រុម U-21 នៅចុងខែមីនា ឬដើមខែមេសា ដែលបង្កើមសមត្ថភាពផ្ទុកអ្នកទស្សនាឈានដល់ ២៥.០០០នាក់។
ស្ថិតក្នុងសេចក្តីថ្លែងការណ៍ដដែលបស់ Everton បានឱ្យដឹងទៀតថា សម្រាប់ព្រឹត្តិការណ៍សាកល្បងលើកទី៣ នឹងត្រូវធ្វើឡើងនៅពេលក្រោយក្នុងរដូវកាលបច្ចុប្បន្ននេះ ខណៈព័ត៌មានលម្អិតសម្រាប់ការរៀបចំនោះ នឹងត្រូវបានបញ្ជាក់ក្នុងពេលកំណត់ណាមួយនៅពេលខាងមុខ ។
ក្លិបបានបន្ថែមថា សម្រាប់សមត្ថភាពផ្ទុកដែលបានដាក់កម្រិតសម្រាប់ព្រឹត្តិការណ៍សាកល្បងនេះ និងជួយឱ្យអាចទទួលបានអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រសុវត្ថិភាព ពីស្ថាប័នគ្រប់គ្រងបាល់ទាត់អង់គ្លេស ដើម្បីដំណើរការប្រកបដោយសមត្ថភាពពេញលេញចំនួនដែលអាចផ្ទុកបានចំនូន ៥២,៨៨៨កន្លែង មុនពេលបើកដំណើរការជាផ្លូវការ ។
Everton បន្តធ្វើម្ចាស់ផ្ទះនៅ Goodison Park ចំនួន ១០ប្រកួតទៀត នៅក្នុងរដូវកាលនេះ ដែលជាទីតាំងចាស់របស់ពួកគេចាប់តាំងពីឆ្នាំ១៨៩២ ដោយការប្រកួតចុងក្រោយក្នុងលីគ Premier League នឹងធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ទល់នឹងក្រុម Southampton ។ ខណៈកីឡដ្ឋានថ្មីនេះមានតម្លៃប្រមាណ ៧៥០លានផោន ៕