(បរទេស)៖ ក្រុមហ៊ុន Tesla China បានរាយការណ៍មកថា កំណើននៃការលក់រថយន្តអគ្គិសនីនៅក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកនៅខែក្នុងធ្នូ បានកើនឡើងប្រមាណ ១២.៨ភាគរយបើធៀបនឹងខែមុន និងឈានដល់កម្រិតនាំចេញខ្ពស់បំផុតចំនួន ៨៣,០០០គ្រឿង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។

ការកើនឡើងនេះ បានរួមចំណែកដល់ការលក់សរុបចំនួន ៦៥៧,០០០ គ្រឿងនៅក្នុងប្រទេសចិនពេញមួយឆ្នាំ ពោលគឺមានការកើនឡើង ៨.៨% ពីមួយឆ្នាំទៅមួយឆ្នាំ និងបានបង្កើតកំណត់ត្រាលក់ប្រចាំឆ្នាំថ្មីសម្រាប់ក្រុមហ៊ុនខ្នាតយក្សអាមេរិក Tesla នៅក្នុងទីផ្សារនេះ។ ទន្ទឹមនឹងនេះ នៅក្នុងត្រីមាសទី៤ នៃឆ្នាំ២០២៤ ការចែកចាយរថយន្តអគ្គិសនីសរុបរបស់ក្រុមហ៊ុន Tesla បានឈានដល់ ១៩៦,៩០០ គ្រឿងនៅក្នុងប្រទេសចិន ដែលស្មើនឹងប្រហែល ៤០% នៃការចែកចាយទូទាំងពិភពលោករបស់ខ្លួន។

គួរជម្រាបថា ការលក់ខ្លាំងនៅខែធ្នូកន្លងទៅនេះ ត្រូវបានគេដឹងថា បានមកពីប្រជាប្រិយភាពនៃរថយន្ត Model Y SUV របស់ក្រុមហ៊ុន Tesla ដែលជាម៉ូដែលតែមួយគត់នាំមុខគេ និងរថយន្តបន្ទាប់គឺ Model 3 sedan ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅលើទីផ្សារផងដែរ៕