(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple ត្រូវបានគេរាយការណ៍មកថា បានយល់ព្រមបង់ប្រាក់ចំនួន ៩៥ លានដុល្លារជាប្រាក់សុទ្ធ ដើម្បីដោះស្រាយបណ្តឹងឯកជនភាពដែលត្រូវបានចោទប្រកាន់ថាបានប្រើប្រាស់ Siri លួចថតសំឡេងក្នុងអំឡុងពេលសន្ទនាដោយគ្មានការយល់ព្រម ខណៈវាជាការរំលោភលើឯកជនភាពអ្នកប្រើប្រាស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។
របាយការណ៍បានឱ្យដឹងថា ការដោះស្រាយបឋម ត្រូវបានដាក់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ នៅតុលាការសហព័ន្ធ Oakland រដ្ឋកាលីហ្វ័រញ៉ា និងទាមទារឱ្យមានការយល់ព្រមពីចៅក្រមស្រុកអាមេរិកលោក Jeffrey White ជាមុនសិន។ យ៉ាងណាមិញជុំវិញ ពាក្យបណ្តឹងនេះគឺកើតចេញពីអ្នកប្រើប្រាស់ iPhone បានត្អូញត្អែរថា Apple តែងតែលួចថតសំឡេងការសន្ទនាជាលក្ខណៈឯកជនរបស់ពួកគេ បន្ទាប់ពីពួកគេបានបើកដំណើរការ Siri ដោយអចេតនា ហើយបានបង្ហាញការសន្ទនាទាំងនេះទៅកាន់បុគ្គលមួយផ្សេងទៀត ដូចជាអ្នកផ្សាយពាណិជ្ជកម្មជាដើម។
ទន្ទឹមនឹងនេះ មានដើមបណ្តឹងពីរនាក់បានអះអាងថា រាល់ពេលដែលពួកគេសន្ទនា គឺតែងតែឃើញមានលោតពាណិជ្ជកម្មទាំងនោះនៅលើ iPhone។ ជាឧទាហរណ៍ពួកគេនិយាយអំពីស្បែកជើងប៉ាតា Air Jordan និងភោជនីយដ្ឋាន Olive Garden រួមទាំងកន្លែងសម្រាកព្យាបាល គឺតែងតែឃើញការផ្សាយពាណិជ្ជកម្មអំពីផលិតផលទាំងនោះ។
គួរជម្រាបថា បណ្តឹងនេះត្រូវបានចោទប្រកាន់ចាប់តាំងពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ មកម្លេះ ពោលគឺមកដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ទើប Apple សម្រេចយល់ព្រមបញ្ចប់បណ្តឹងនេះ។ តាមការបញ្ជាក់ គឺចាប់ផ្តើមនៅពេលដែល Apple បញ្ចូលមុខងារ «Hey, Siri» ដែលជា Keyword សម្រាប់ឱ្យ Siri បើកដំណើរការ៕