(ភ្នំពេញ)៖ ស្របពេលទីផ្សារដោះដូរកីឡាករ នៃលីគកំពូលកម្ពុជា បានបើក គេឃើញមានក្លិបមួយចំនួន បានរុសរើសកីឡាករ ដើម្បីរៀបចំ និងពង្រឹងក្រុមត្រៀមការប្រកួតសេសសល់រៀងៗខ្លួន ជាក់ស្ដែងថ្ងៃនេះដែរ ក្រុមទើបឡើងមកពីលីគទី២ ឡាយហ្វខេត្តព្រះសីហនុ បាននាំចូលសមាជិកដ៏ភ្ញាក់ផ្អើល គឺកីឡាករ Sam Strong ដែលអតីតកីឡាករជម្រើសជាតិ U23 អាមេរិក ស្របពេលបឹងកេត ក៏បានប្រកាសនាំអតីតយុវជនថ្នាលក្លិប Manchester United កីឡាករ Charlie Thomas Scott មកជួយក្រុមផងដែរ ។

សម្រាប់ក្លិបមានមូលដ្ឋាននៅខេត្តព្រះសីហនុ គឺឡាយហ្វខេត្តព្រះសីហនុ បានប្រកាសដោយសេចក្ដីរីករាយ អំពីការចុះកិច្ចសន្យាជាមួយកីឡាករអាមេរិក Samual Erik Strong ឬ Sam Strong ។ Sam គឺជាអតីតកីឡាករជម្រើសជាតិ U23 អាមេរិក ដែលបានចូលរួមប្រកួតប្រជែងក្នុងពានរង្វាន់ USL Championship និង USL League One ហើយក៏ធ្លាប់លេងជាមួយក្រុមនៅកាតា និងបារាំង ។ មិនតែប៉ុណ្ណោះ Sam ក៏ធ្លាប់ប្រកួតជាមួយតារាឆ្នើមរបស់ក្លិប Atletico Madrid លោក Thomas Lemar ទៀតផង ។

មុនផ្ទេរមកកាន់ក្លិប នៃលីគកំពូលកម្ពុជា កីឡាករវ័យ ២៨ឆ្នាំខាងលើ ធ្លាប់បានលេងឲ្យក្លិបនៅថៃ ហើយថ្មីៗនេះ Sam ក៏ទើបបានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់កម្រិតទី២ប្រចាំទ្វីបអាស៊ី AFC Champions League 2 ជាមួយក្លិបបាល់ទាត់ Cebu FC របស់ហ្វីលីពីន ដោយបានលេងទល់នឹងក្រុមខ្លាំងៗ ដូចជាក្រុម Jeonbuk Hyundai របស់សាធារណរដ្ឋកូរ៉េ, ក្រុម Selangor របស់ម៉ាឡេស៊ី និងក្រុម Muangthong United របស់ថៃផងដែរ ។ ការណ៍នេះ បានធ្វើឲ្យថ្នាក់ដឹកនាំក្រុមឡាយហ្វ ទន្ទឹងរង់ចាំការបង្ហាញខ្លួនលើកដំបូងរបស់រូបគេ ។

ប៉ុន្ដែមុនប្រកាសចុះកិច្ចសន្យាជាមួយកីឡាករអន្ដរជាតិ ដែលដ៏មានបទពិសោធន៍ជោគជាំក្នុងអាជីពខាងលើ ឡាយហ្វខេត្តព្រះសីហនុ ក៏ទើបបាននាំចូលកីឡាករខ្មែរ ២រូប ដើម្បីពង្រឹងក្រុមផងដែរ គឺមានអ្នកចាំទី រុន ចុងមីង អតីតសមាជិកក្រុម U16 ដល់ U20 នៃក្រុមជម្រើសជាតិកម្ពុជា និងកីឡាករ ម៉េង សុភា អតីតសមាជិកក្រុម U15 ដល់ U20 នៃក្រុមជម្រើសជាតិកម្ពុជា ដែលផ្ទេរមកពីក្លិបអង្គរថាយហ្គឺរជាដើម ។

ដោយឡែកក្លិបបឹងកេតវិញ នៅរសៀលថ្ងៃសុក្រនេះដែរ ក៏បានប្រកាសជាផ្លូវការ ក្នុងការចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិអង់គ្លេស កីឡាករ Charlie Thomas Scott ដែលជាអតីតយុវជនថ្នាលរបស់ក្លិប Manchester United មកជួយក្រុមផងដែរ ។ មុនផ្ទេរមកកាន់ក្រុមនាគខៀវ Charlie Scott ធ្លាប់លេងឲ្យក្លិបជាច្រើន ទាំងនៅអឺរ៉ុប និងអាស៊ី ខណៈក្លិបចុងក្រោយ គឺកីឡាករវ័យ ២៧ឆ្នាំរូបនេះ បានលេងនៅក្លិប Semen Padang FC នៃលីគកំពូលឥណ្ឌូនេស៊ី ។ Charlie Scott គឺជាកីឡាករបរទេសទី៣ បន្ទាប់ពីកីឡាករអូស្ដ្រាលី Alexander Kevin Baker និងកីឡាករហ្វីលីពីន Scott Woods ដែលបឹងកេត ទើបនាំចូលត្រៀមជួយក្រុម កំឡុងទីផ្សារដោះដូរកីឡាករពាក់កណ្ដាលរដូវកាលនេះ ៕