(បរទេស)៖ ក្រុមហ៊ុន Microsoft គ្រោងវិនិយោគប្រហែល ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំ ២០២៥នេះ លើការបង្កើតមជ្ឈមណ្ឌលទិន្នន័យដើម្បីបណ្តុះបណ្តាលគំរូបញ្ញាសិប្បនិម្មិត (AI) និងដាក់ពង្រាយកម្មវិធី AI ព្រមទាំងកម្មវិធីដែលប្រើប្រាស់​សេវាកម្ម Cloud ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥។

ការវិនិយោគលើ AI បានកើនឡើងចាប់តាំងពីក្រុមហ៊ុន OpenAI បានបើកដំណើរការនូវ Chatbot ដែលមានឈ្មោះថា ChatGPT ក្នុងឆ្នាំ ២០២២ ហើយក្នុងនោះក្រុមហ៊ុននានា បានចាប់ផ្ដើមរួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) ចូលទៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ដើម្បី​បង្កើន និង​ពង្រីកវិសាលភាពក្នុងការប្រើប្រាស់។

ការប្រើប្រាស់បច្ចេកវិទ្យា AI វាទាមទារឱ្យមានកុំព្យូទ័រដែលមានថាមពលខ្លាំង ឬនិយាយបានថា ធំសម្បើម ដែលជំរុញឱ្យមានតម្រូវការសម្រាប់​មជ្ឈមណ្ឌលទិន្នន័យ ដែលអាចឱ្យក្រុមហ៊ុនបច្ចេកវិទ្យាភ្ជាប់បន្ទះឈីបរាប់ពាន់ជាមួយគ្នាជាចង្កោម ជាមួយគ្នានេះក្រុមហ៊ុន Microsoft បាននឹងកំពុងវិនិយោគរាប់ពាន់លានដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធ AI និងពង្រីកបណ្តាញមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន។​

អ្នកជំនាញបានលើកឡើងថា ការនិវិយោគរបស់ Microsoft នៅលើ AI នៅក្នុងឆ្នាំ ២០២៥នេះ គឺជាឱកាសល្អសម្រាប់ពង្រីកវិសាលភាពនៃ​បច្ចេកវិទ្យា AI ទៅលើផលិតផល និងសេវាកម្មរបស់ Microsoft ហើយវាក៏បានបង្កើតឱកាសការងារមួយចំនួនបន្ថែមទៀតផងដែរ ខណៈ​បណ្ដា​​ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបាននិងកំពុងតែកាត់បន្ថយបុគ្គលិកជាបណ្ដើរៗ។

Microsoft ត្រូវបានគេដឹងថា ជាខ្នងបង្អែកដ៏ធំរបស់ OpenAI ឬ ChatGPT ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន​បានដាក់​ចេញ​នូវ AI របស់ពួកគេសម្រាប់ការប្រើប្រាស់ ហើយវាក៏ជាការប្រកួតប្រជែងថ្មីមួយសម្រាប់ OpenAI ដែលត្រូវជំរុញឱ្យ Microsoft ដែលជាមេទុន​ដ៏ធំ​មួយនេះត្រូវតែពង្រីកការវិនិយោគដើម្បីបង្កើនល្បឿន បើមិនដូច្នេះទេ AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗអាចនឹងវ៉ាដាច់ជាក់ជាមិនខាន៕